ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញនៃក្រសួងសាធារណការបានបើកកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដាញផ្លូវថ្នល់។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានបន្តដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញនៃក្រសួង ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដាញផ្លូវថ្នល់ ក្រោមអធិបតីភាពសហប្រធានលោកអ៊ឹង សេរីវិសុទ្ធ អនុប្រធាន និងជាក្រុមការងារទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ និងលោក នៅ បោនន័រ អនុប្រធាន និងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើន។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីកំណត់យន្តការ និងវិធានការលើការប្រើប្រាស់ដីចំណីផ្លូវ និងរក្សាបាននូវសុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឧបសគ្គដែលរាំងស្ទះដល់ការអភិវឌ្ឍ និងការថែទាំងផ្លូវ។
អង្គប្រជុំបានសម្រេចលទ្ធផល រួមមាន(១.) ឯកភាពកែសម្រួលលើទម្រង់ ខ្លឹមសារពាក្យពេចន៍ និងអក្ខរាវិរុទ្ធមួយចំនួននៃសេចក្តីព្រាងអនុក្រឹត្យ (២.) ឯកភាពប្រគល់ជូនសាមីក្រសួង ដើម្បីពិនិត្យនិងកែសម្រួលតាមស្មារតីនៃអង្គប្រជុំ (៣.) នីតិវិធីបន្ត បន្ទាប់ពីកែសម្រួល និងសម្អាតរួចរាល់ សេចក្តីព្រាងអនុក្រឹត្យខាងលើនឹងត្រៀមដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័ននិងតំណាងរាជធានី ខេត្តពាក់ព័ន្ធមួយចំនួន ដែលនឹងត្រូវជូនដំណឹងនាពេលក្រោយ៕







