ទីផ្សារអចលនទ្រព្យសកលបង្ហាញសញ្ញានៃការងើបឡើងវិញសន្សឹម ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៦

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកលក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៦ បានបង្ហាញសញ្ញានៃការងើបឡើងវិញសន្សឹមៗ។ទំនុកចិត្តទីផ្សារបានប្រសើរឡើង ខណៈសម្ពាធអតិផរណាបានធូរស្រាល ហើយលក្ខខណ្ឌហិរញ្ញវត្ថុមានស្ថេរភាពសន្សឹមៗ ដែលលើកទឹកចិត្តវិនិយោគិនឱ្យឈានជើងចូលទីផ្សារអចលនទ្រព្យឡើងវិញ។

សកម្មភាពប្រតិបត្តិការ និងលំហូរមូលធនបានចាប់ផ្តើមកើនឡើងសាជាថ្មីនៅទូទាំងតំបន់សំខាន់ៗដូចជាតំបន់អាមេរិកខាងជើង អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក ដែលឆ្លុះបញ្ចាំងពីការមានទំនុកចិត្តឡើងវិញថា វិស័យនេះកំពុងឈានចូលដល់ដំណាក់កាលដែលមានស្ថិរភាពជាងមុន។

ទោះជាយ៉ាងណា ការងើបឡើងវិញមិនទាន់មានភាពស្មើគ្នានៅគ្រប់ផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យទេ។ លំនៅឋាន និងផ្ទះជួលនៅតែស្ថិតក្នុងចំណោមផ្នែកដ៏ទាក់ទាញបំផុត ដោយសារតែកំណើនប្រជាជនក្នុងទីក្រុង និងវិបត្តិកង្វះលំនៅឋាននៅក្នុងទីក្រុងជាច្រើន។

ស្របពេលជាមួយគ្នានេះ បណ្តាវិនិយោគិនកំពុងបង្វែរដើមទុនកាន់តែច្រើនឡើងឆ្ពោះទៅរកទ្រព្យសកម្ម ដែលផ្សាភ្ជាប់ទៅនឹងសេដ្ឋកិច្ចឌីជីថល ដូចជាមជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលដឹកជញ្ជូន ព្រោះផ្នែកទាំងនេះទទួលបានអត្ថប្រយោជន៍រយៈពេលវែងពីតម្រូវការពាណិជ្ជកម្មអេឡិចត្រូនិក បញ្ញាសិប្បនិម្មិត និងឌីជីថលូបនីយកម្ម។

ដោយឡែក សកម្មភាពជួលការិយាល័យនៅទូទាំងពិភពលោកមានភាពប្រសើរឡើងជាលំដាប់បើប្រៀបធៀបទៅនឹងរយៈពេលក្រោយជំងឺរាតត្បាត។ ប៉ុន្តែទីផ្សារនៅតែមានការមានប្រុងប្រយ័ត្ន និងសម្រិតសម្រាំងខ្ពស់(selective)។

តួយ៉ាង អគារការិយាល័យដែលមានគុណភាពខ្ពស់ និងទំនើបនៅក្នុងទីតាំងសំខាន់ៗនៅតែបន្តទាក់ទាញអ្នកជួល និងជំរុញការកើនឡើងនៃតម្លៃជួល ខណៈអគារចាស់ៗប្រឈមមុខនឹងអត្រាការិយាល័យទំនេរខ្ពស់ និងទាមទារឱ្យការអភិវឌ្ឍជួសជុលឡើងវិញ ឬបំលែងការិយាល័យទៅជាលំនៅឋានវិញ។

ក្នុងពេលជាមួយគ្នានេះ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនៅតែជះឥទ្ធិពលដល់ទស្សនវិស័យទីផ្សារ។ ការកើនឡើងនៃអត្រាការប្រាក់ តម្លៃថាមពល និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដូចជាជម្លោះនៅមជ្ឈិមបូព៌ា បានបង្កើនការប្រុងប្រយ័ត្នក្នុងចំណោមបណ្តាអ្នកទិញ និងវិនិយោគិន៕ប្រភព: JLL៕

LEAVE A REPLY

Please enter your comment!
Please enter your name here