ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុនកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការរីកចម្រើន ដែលជំរុញដោយស្ថិរភាពនយោបាយ ការផ្លាស់ប្តូរអត្រាការប្រាក់សន្សឹមៗ ការផ្លាស់ប្តូរប្រជាសាស្ត្រ និងការពន្លឿនឌីជីថលូបនីយកម្ម។
សុទិដ្ឋិនិយមកើតឡើង បន្ទាប់ពីការជាប់ឆ្នោតរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានកាត់បន្ថយភាពមិនប្រាកដប្រជានៃគោលនយោបាយ និងបានពង្រឹងវិធានការគាំទ្រកំណើនសេដ្ឋកិច្ច។
វិធានការទាំងនេះរួមមានការគាំទ្រដល់ការផ្គត់ផ្គង់លំនៅឋាន ការអភិវឌ្ឍឡើងវិញនៃទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងវិស័យសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត (AI) បន្ទះឈីប និងថាមពល។
ជារួម ទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុនកំពុងផ្លាស់ប្តូរ។ បើទោះបីជាអត្រាការប្រាក់កើនឡើងខ្ពស់យ៉ាងណាក្តី កំណើនតម្លៃជួលការិយាល័យ អាផាតមុិន និងភស្តុភារកម្មកំពុងជួយប៉ះប៉ូវការចំណាយខ្ពស់លើការខ្ចីប្រាក់។
តម្រូវការមជ្ឈមណ្ឌលទិន្នន័យ មណ្ឌលថែទាំសុខភាព និងអគារមជ្ឈមណ្ឌលដឹកជញ្ជូនទំនើបៗ បន្តជំរុញកំណើននៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន។ ការកើនឡើងនៃតម្លៃជួល ការដាំក្បាលចុះនៃប្រាក់យ៉េនជប៉ុន ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណែទម្រង់សាជីវកម្ម កំពុងបង្កើតឱកាសល្អសម្រាប់វិនិយោគិន។
នៅក្នុងដំណាក់កាលថ្មីនេះ ភាពជោគជ័យនឹងពឹងផ្អែកកាន់តែខ្លាំងទៅលើការជ្រើសរើសអចលនទ្រព្យត្រឹមត្រូវ ការគ្រប់គ្រងដ៏រឹងមាំ និងការផ្តោតលើនិន្នាការរយៈពេលវែង ដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល លំនៅឋានជួលក្នុងទីក្រុង និងអចលនទ្រព្យដែលសន្សំសំចៃថាមពល។

ជប៉ុននៅតែបន្តមានភាពទាក់ទាញចំពោះបណ្តាវិនិយោគិន ព្រោះប្រទេសនេះមានទីផ្សារធំ និងមានសាច់ប្រាក់ងាយស្រួល ប្រព័ន្ធច្បាប់ដែលមានតម្លាភាព និងលក្ខខណ្ឌសេដ្ឋកិច្ចមានស្ថិរភាព។ ស្ថានភាពអំណោយផលនេះនៅតែបន្ត ទោះបីជាធនាគារកណ្តាលជប៉ុនកំពុងដំឡើងអត្រាការប្រាក់ដោយសន្សឹមៗយ៉ាងណាក្តី។
លោក Naoki Suzuki ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន KJRM បានលើកឡើងថា ជ័យជម្នះដ៏រឹងមាំនៃការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន ជួយរក្សាបរិយាកាសគោលនយោបាយឱ្យមានស្ថិរភាព។ សំឡេងភាគច្រើនរបស់ LDP ត្រូវបានគេរំពឹងថានឹងធានាបាននូវស្ថិរភាពគោលនយោបាយ និងការគាំទ្រជាបន្តបន្ទាប់សម្រាប់វិស័យអចលនទ្រព្យ។
លទ្ធផលនៃការបោះឆ្នោតក៏បានកាត់បន្ថយការព្រួយបារម្ភអំពីបទប្បញ្ញត្តិ និងបង្កើនទំនុកចិត្តរបស់វិនិយោគិន ជាពិសេសនៅក្នុងផ្នែកនានឆដូចជាលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ៕ប្រភព: Edgeprop៕








