ដោយៈ សហសេវិក
ភ្នំពេញៈ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នឹងក្លាយជាទស្សនកិច្ចប្រវត្តិសាស្ត្រ ស្របពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
លោកបានមានប្រសាសន៍បែបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយបញ្ចប់កិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។
លោកហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងទៀតថា “ទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានលក្ខណៈជាប្រវត្តិសាស្ត្រ ពីព្រោះនៅក្នុងពេលនេះ ក្នុងទំនាក់ទំនងមិត្តភាពយូរលង់កម្ពុជា-បារាំង មានតែប្រធានាធិបតី ម្នាក់គត់ ដែលធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា គឺឧត្តមសេនីយ៍ ដឺហ្គោល នៅឆ្នាំ១៩៦៦ និងបានថ្លែងសន្ទរកថា ដ៏ល្បីល្បាយមួយនៅក្រុងភ្នំពេញ ជាភាសាបារាំង”។

ថ្លែងនាជំនួបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានអេលីហ្សេ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)បញ្ជាក់ថា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាខែវិច្ឆិកា ខាងមុខ ជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ប្រមុខរដ្ឋបារាំងបញ្ជាក់ថា “វាជាឱកាសបន្ថែម ក្នុងការពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ”។
មេដឹកនាំបារាំង បានគូសបញ្ជាក់ថា កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិ បាល ក៏ដូចជាវិស័យបេតិកភណ្ឌ។
លោកលើកឡើងដោយអរគុណ ចំពោះវត្តមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) នៅក្រុងលីយ៉ុង កាលពីថ្ងៃទី៧ ខែមេសា ហើយបន្តពិភាក្សាផ្លាស់ប្តូយោបល់ ជាមួយលោកនៅក្រុងប៉ារីស៕







