ប្រជាជននៅមជ្ឈិមបូព៌ា​​កំពុង​បង្កើន​ការ​ស្វែងរក​ផ្ទះ​នៅក្នុងតំបន់​អឺរ៉ុប ស្របពេលសង្គ្រាមបន្តអូសបន្លាយ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ប្រជាជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅ​តំបន់មជ្ឈិមបូព៌ា​​កំពុង​បង្កើន​ការ​ស្វែងរក​ផ្ទះ​នៅតំបន់​អឺរ៉ុប ខណៈ​ក្តី​បារម្ភ​អំពី​សង្គ្រាម​បាន​ជំរុញ​ឱ្យ​​តម្រូវការ​ជួល​លំនៅឋានបណ្ដោះអាសន្ន និង​ការ​ស្នាក់នៅ​រយៈពេល​វែង​កើនឡើង។

បណ្តាភ្នាក់ងារអចលនទ្រព្យនៅទីក្រុងឡុងដ៍ ម៉ូណាកូ ស្វីស និងទីក្រុង Marbella របស់ប្រទេសអេស្ប៉ាញ កំពុងសង្កេតឃើញពីការកើនឡើងនៃចំណាប់អារម្មណ៍ ពីប្រជាជននៅមជ្ឈិមបូព៌ា ដែលកំពុងព្យាយាមផ្លាស់ទីលំនៅរហូតដល់ជម្លោះនៅមជ្ឈិមបូព៌ាបិទបញ្ចប់ ឬផ្លាស់ទៅរស់នៅក្រៅប្រទេសជាអចិន្ត្រៃយ៍។

ជម្លោះនៅមជ្ឈិមបូព៌ា​កំពុង​បង្ខំ​ឱ្យ​​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន គ្រួសារ និង​វិនិយោគិន នៅ​ទីក្រុង​ដូចជា​ទីក្រុង​ឌូបៃ និង​ទីក្រុង​អាប៊ុយដាប៊ី ពិចារណាឡើងវិញ ស្របពេលសង្គ្រាមក្នុងតំបន់ជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ។

ភ្នាក់ងារអចលនទ្រព្យម្នាក់នៅទីក្រុងហ្សឺណែវកំពុងជួយពាណិជ្ជករនៅតំបន់មជ្ឈិមបូព៌ាមួយរូបស្វែងរកផ្ទះតម្លៃ ២០លានហ្វ្រង់នៅប្រទេសស្វីស និងបញ្ជាក់ថាចំណាប់អារម្មណ៍កំពុងកើនឡើង។

ទន្ទឹមនេះ នៅតំបន់ Costa del Sol ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ខ្ពស់មួយកំពុងទទួលបានការសាកសួរចំនួន៤ទៅ៥ដងជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ដែលឆ្លុះបញ្ចាំងពីកំណើននៃតម្រូវការពីអតិថិជននៅមជ្ឈិមបូព៌ា។

ភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន និងភាពផុយស្រួយនៃការចរចាបទឈប់បាញ់ប្រឈមនឹងហានិភ័យដែលបង្ខំឱ្យមានការពិចារណាឡើងវិញសម្រាប់ក្រុមអ្នកជំនាញ និងជនបរទេស ដើម្បីបង្វែរទុនវិនិយោគរបស់ពួកគេទៅកាន់គោលដៅមានសុវត្ថិភាព៕ប្រភព: Bloomberg៕


ចែករំលែក