ដោយ: សហសេវិក
អន្តរជាតិ: ប្រជាជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅតំបន់មជ្ឈិមបូព៌ាកំពុងបង្កើនការស្វែងរកផ្ទះនៅតំបន់អឺរ៉ុប ខណៈក្តីបារម្ភអំពីសង្គ្រាមបានជំរុញឱ្យតម្រូវការជួលលំនៅឋានបណ្ដោះអាសន្ន និងការស្នាក់នៅរយៈពេលវែងកើនឡើង។
បណ្តាភ្នាក់ងារអចលនទ្រព្យនៅទីក្រុងឡុងដ៍ ម៉ូណាកូ ស្វីស និងទីក្រុង Marbella របស់ប្រទេសអេស្ប៉ាញ កំពុងសង្កេតឃើញពីការកើនឡើងនៃចំណាប់អារម្មណ៍ ពីប្រជាជននៅមជ្ឈិមបូព៌ា ដែលកំពុងព្យាយាមផ្លាស់ទីលំនៅរហូតដល់ជម្លោះនៅមជ្ឈិមបូព៌ាបិទបញ្ចប់ ឬផ្លាស់ទៅរស់នៅក្រៅប្រទេសជាអចិន្ត្រៃយ៍។
ជម្លោះនៅមជ្ឈិមបូព៌ាកំពុងបង្ខំឱ្យបុគ្គលមានទ្រព្យសម្បត្តិមួយចំនួន គ្រួសារ និងវិនិយោគិន នៅទីក្រុងដូចជាទីក្រុងឌូបៃ និងទីក្រុងអាប៊ុយដាប៊ី ពិចារណាឡើងវិញ ស្របពេលសង្គ្រាមក្នុងតំបន់ជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ។

ភ្នាក់ងារអចលនទ្រព្យម្នាក់នៅទីក្រុងហ្សឺណែវកំពុងជួយពាណិជ្ជករនៅតំបន់មជ្ឈិមបូព៌ាមួយរូបស្វែងរកផ្ទះតម្លៃ ២០លានហ្វ្រង់នៅប្រទេសស្វីស និងបញ្ជាក់ថាចំណាប់អារម្មណ៍កំពុងកើនឡើង។
ទន្ទឹមនេះ នៅតំបន់ Costa del Sol ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ខ្ពស់មួយកំពុងទទួលបានការសាកសួរចំនួន៤ទៅ៥ដងជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ដែលឆ្លុះបញ្ចាំងពីកំណើននៃតម្រូវការពីអតិថិជននៅមជ្ឈិមបូព៌ា។
ភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន និងភាពផុយស្រួយនៃការចរចាបទឈប់បាញ់ប្រឈមនឹងហានិភ័យដែលបង្ខំឱ្យមានការពិចារណាឡើងវិញសម្រាប់ក្រុមអ្នកជំនាញ និងជនបរទេស ដើម្បីបង្វែរទុនវិនិយោគរបស់ពួកគេទៅកាន់គោលដៅមានសុវត្ថិភាព៕ប្រភព: Bloomberg៕







