ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវឧកញ៉ាស្រៀត មុំសុភាត្រួវបានទទួលការតែងតាំងកុងស៊ុលកិត្តិយសបង់ក្លាដែស ប្រចាំកម្ពុជា។
ការតែងតាំងនេះ ជាការពង្រឹងពង្រីកពូនជ្រំទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការថ្មីៗ ផ្តល់ភាពងាយស្រួលបន្ថែមដល់ការធ្វើដំណើរទេសចរណ៍-វិនិយោគ និងបង្កើនកំណើនភ្ញៀវទេសចរបង់ក្លាដែស និងអន្តរជាតិមកកាន់ប្រទេសកម្ពុជា។
តបការអញ្ជើញរបស់ស្ថានទូតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់លិខិតតែងតាំងជូន កុងស៊ុលកិត្តិយសថ្មី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសកម្ពុជា លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឧកញ៉ា តាន់ មុនីវណ្ណ តំណាងសភាពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានា លោក-លោកស្រីពីសមាគមធុរកិច្ច និងសហគមន៍កម្ពុជា–បង់ក្លាដែស ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិជាច្រើន។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអបអរសាទរជូនចំពោះលោកជំទាវឧកញ៉ាស្រ៊ៀត មុំសុភា ដែលត្រូវបានតែងតាំងជាកុងស៊ុលកិត្តិយសថ្មីនិងបានបញ្ជាក់ថា ការតែងតាំងនេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចដ៏សំខាន់ ក្នុងការចូលរួមពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមទាំងទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងប្រជាជនទៅប្រជាជន ដោយនេះជាសញ្ញាបង្ហាញពីការជឿទុកចិត្ត និងការទទួលស្គាល់រវាងប្រទេសទាំងពីរ ដែលនឹងជួយបង្កើនការតភ្ជាប់ និងបង្កើតឱកាសសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត។

លោកហួត ហាក់ ក៏បានគូសបញ្ជាក់ពីឆន្ទៈរួមរបស់កម្ពុជា និងបង់ក្លាដែស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការលើកកម្ពស់ការតភ្ជាប់ប្រជាជនទៅប្រជាជន ទេសចរណ៍ ការបង្កើតឱកាសវិនិយោគថ្មីៗ ដើម្បីផ្តល់អត្ថប្រយោជន៍រួម ដល់ប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួន របស់ក្រសួងទេសចរណ៍ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថានទូតបង់ក្លាដែស កុងស៊ុលកិត្តិយស និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា–បង់ក្លាដែស ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីអំពីការដាក់ឱ្យដំណើរការយុទ្ធនាការ “ទស្សនាកម្ពុជា ក្នុងរដូវកាលបៃតង” ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ និងបានអញ្ជើញយ៉ាងកក់ក្តៅដល់ប្រជាជនបង់ក្លាដែស ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាក្នុងអំឡុងពេលនោះ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ សម្រស់ធម្មជាតិខៀវស្រងាត់ បរិយាកាសស្ងប់ស្ងាត់ដែលផ្តល់បទពិសោធន៍ដ៏ប្លែកសម្រាប់ភ្ញៀវទេសចរ និងអត្ថប្រយោជន៍ពិសេសលើការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ ការដឹកជញ្ជូន និងម្ហូបអាហារ។
កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣ មក ដោយគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេលប្រមាណ៣៣ឆ្នាំ ដែលបានអភិវឌ្ឍន៍ទៅជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ៕







