ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្តបង្ហាញសន្ទុះយ៉ាងរឹងមាំនៅដើមឆ្នាំ២០២៦

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានបន្តបង្ហាញសន្ទុះយ៉ាងរឹងមាំនៅដើមឆ្នាំ២០២៦។ ទោះបីជាមានភាពតានតឹងភូមិសាស្ត្រនយោបាយក្តី សកម្មភាពវិនិយោគនៅត្រីមាសទី ១ នៅតែមានភាពធន់។

ទំហំនៃការវិនិយោគសរុបបានកើនឡើង៣១ភាគរយដល់៤៧,០ ពាន់លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដ៏រឹងមាំនេះបង្ហាញថា វិនិយោគិនកំពុងបង្វែរដើមទុនទៅកាន់ទីផ្សារដែលមាននវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសខណៈសេដ្ឋកិច្ចសកលកាន់តែមានភាពពហុប៉ូល។

ប្រទេសជប៉ុននាំមុខគេក្នុងសកម្មភាពជួលអចលនទ្រព្យពាណិជ្ជកម្ម ដែលសម្រេចបានការវិនិយោគចំនួន១៣,២ ពាន់លានដុល្លារអាមេរិក តាមពីក្រោយដោយប្រទេសសិង្ហបុរី ចំនួន១១,៥ពាន់លានដុល្លារអាមេរិក ហក់ឡើង ៤៣៣ភាគរយ ដោយសារការទិញយកមូលនិធិធំៗ និងផលប័ត្រធំៗ។

ទន្ទឹមនឹងនេះ ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ៤៩ភាគរយធៀបនឹងឆ្នាំមុន ដល់ ៥,៧ពាន់លានដុល្លារអាមេរិក ដោយសារកំណើននៃការវិនិយោគផ្នែកលក់រាយ។

ដោយឡែក ការវិនិយោគនៅប្រទេសកូរ៉េខាងត្បូង បានដាំក្បាលចុះ២៩ភាគរយមកនៅត្រឹម៤,៨ពាន់លានដុល្លារអាមេរិក។ ទីក្រុងហុងកុងបានបង្ហាញសញ្ញានៃការងើបឡើងវិញប្រកបដោយចីរភាព ដោយការវិនិយោគបានកើនឡើង ៤១ភាគរយធៀបនឹងឆ្នាំមុន ដល់ ១,៦ ពាន់លានដុល្លារអាមេរិក ស្របពេលមានការកើនឡើងនៃសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារការិយាល័យ និងលក់រាយ។

ជាមួយគ្នានេះ ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅប្រទេសឥណ្ឌា បានកើនឡើង ៩៤ភាគរយធៀបនឹងឆ្នាំមុន ដល់ទំហំទឹកប្រាក់ចំនួន១,៥ ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០២៦៕ប្រភព: JLL៕


ចែករំលែក