ដោយ: សហសេវិក
អន្តរជាតិ: ការលក់ផ្ទះថ្មីរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែមីនាលើសការព្យាករណ៍ ខណៈតម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង៤ឆ្នាំ។
ការលក់ផ្ទះថ្មីបានកើនឡើង៧,៤ភាគរយធៀបនឹងខែកុម្ភៈ ដល់ចំនួន៦៨២.០០០យូនីតនៅក្នុងខែមីនា ខណៈការស្ទង់មតិរបស់កាសែត Bloomberg បានព្យាករណ៍ចំនួន៦៥២.០០០យូនីត។
ការកើនឡើងនៃការលក់ផ្ទះបង្ហាញពីភាពប្រសើរឡើងបន្តិចម្តងៗនៃលទ្ធភាពទិញផ្ទះ ចាប់តាំងពីពាក់កណ្តាលឆ្នាំមុន។ ការណ៍នេះកំពុងជួយជំរុញតម្រូវការលំនៅឋានកាន់តែច្រើនឡើងៗ។
បណ្ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានផ្តល់ការលើកទឹកចិត្ត និងបញ្ចុះតម្លៃ បានសង្កេតឃើញការកើនឡើងនៃចំណាប់អារម្មណ៍របស់អ្នកទិញក្នុងខែមីនា បន្ទាប់ពីអាកាសធាតុរដូវរងាខ្លាំង បានធ្វើឱ្យតម្រូវការទិញធ្លាក់ចុះកាលពីដើមឆ្នាំនេះ។

យ៉ាងណាមិញ អត្រាការប្រាក់លើកម្ចីទិញផ្ទះបានកើនឡើងពីកម្រិតទាបបំផុតនាពេលថ្មីៗនេះនៅចុងខែកុម្ភៈ ដែលអាចរារាំងសកម្មភាពទិញផ្ទះនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
យោងតាមរបាយការណ៍ពីរដ្ឋាភិបាលអាមេរិកបង្ហាញថា តម្លៃផ្ទះថ្មីជាមធ្យមបានថយចុះ៦,២ភាគរយនៅខែមីនាធៀបនឹងឆ្នាំមុនមកនៅត្រឹម៣៨៧.៤០០ដុល្លារអាមេរិក ដែលជាតម្លៃទាបបំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។
របាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញទៀតថា ចំនួនផ្ទះថ្មីសម្រាប់ដាក់លក់ក្នុងខែមីនាបានធ្លាក់ចុះធៀននឹងឆ្នាំមុនមកនៅត្រឹម៤៨១.០០០យូនីត៕ប្រភព: Bloomberg៕








