ស្វែងយល់ពីអរិយធ៌មៈ ស្ថាបត្យកម្មដ៏រស់រវើក និងនិមិត្តរូបនៃជ័យជំនះនៃប្រាសាទព្រះខ័ន

ចែករំលែក

ដោយៈ ចំណាន

    សៀមរាបៈ ថ្វីត្បិតអរិយធ៌មបានបាត់បង់ទៅ តែប្រាសាទព្រះខ័ន គឺជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃ ស្ថិតក្នុងតំបន់រមណី​យដ្ឋានអង្គរ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។

ដើម្បីទៅដល់ប្រាសាទនេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញតាមខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារខាងជើងនៃក្រុងអង្គរធំ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាន និងកំពុងយកចិត្តទុកក្នុងការអភិរក្ស និងជួសជុលប្រាសាទនេះ ឱ្យស្ថិតក្នុងសភាពល្អប្រសើរ ក្នុងនាមជាសម្បត្តិបេតិកភ​ណ្ឌ​ពិភពលោក ព្រមទាំងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជុំវិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់។

យោងតាមសិលាចារឹក ប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅឆ្នាំ១១៩១ នាចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវម៌ទី៧ លើទីតាំងនៃចម្បាំងផ្តាច់ព្រ័ត្រ ដែលព្រះអង្គបានទទួលជ័យជំនះលើការឈ្លាន​ពានរបស់កងទ័ពចាម្ប៍ ដើម្បីឧទ្ទិសថ្វាយដល់ព្រះបិតា។ ឈ្មោះដើមនៃប្រាសាទនេះគឺ “ជ័យស្រី” ដែលមានន័យថា “ព្រះខ័នជ័យ” ឬ “ទីក្រុងនៃជ័យជំនះដ៏ពិសិដ្ឋ”។

ខ្លឹមសារសំខាន់ៗក្នងសិលាចារឹក បានផ្ដល់ព័ត៌មានដ៏មានតម្លៃអំពីភាពរីកចម្រើនរបស់ចក្រភពខ្មែរ និងជាពិសេសរាជធានីអង្គរនាពេលនោះ ដូចជា៖

–  កិច្ចការសាសនា៖ ការធ្វើពិធីបួងសួង ការតម្កល់ព្រះបដិមា និងពិធីអភិសេកព្រះ។

–  កិច្ចការព្រះរាជកិច្ច៖ ការលើកតម្កើងព្រះរាជា និងការឧទ្ទិសកុសលជូនបុព្វការីជន។

–  ការងារសង្គម៖ ការចូលរួមថែទាំប្រាសាទ ការផ្តល់តង្វាយពីសំណាក់ព្រាហ្មណ៍ និងអ្នកភូមិនៅជុំវិញ។

–  សមិទ្ធផលសំណង់ផ្សេងៗ៖ ការរៀបរាប់អំពីបារាយណ៍ “ជ័យតដាក” ដែលមានប្រាសាទនាគព័ន្ធស្ថិតនៅចំកណ្តាល។

ក្រៅពីមុខងារជាទីសក្ការៈបូជា ប្រាសាទនេះ ប្រហែលបានក្លាយទៅជាសាកលវិទ្យាល័យដ៏ធំមួយ ដើម្បីបណ្ដុះបណ្ដាលពុទ្ធសាសនិក និងអ្នកប្រាជ្ញរាជបណ្ឌិតជាច្រើនជំនាន់ ដែលឆ្លុះបញ្ចាំងពីភាពរុងរឿងនៃវិស័យអប់រំ និងសាសនានៅក្នុងសម័យអង្គរ៕


ចែករំលែក