ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗមួយចំនួននៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនកំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ដោយសារថ្លៃដើមសំណង់កំពុងកើនឡើង និងអត្រាការប្រាក់ខ្ពស់។
ជាមួយគ្នានេះ វិបត្តិនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យអំណាចនៃការចំណាយរបស់អ្នកប្រើប្រាស់ថយចុះ និងធ្វើឱ្យស្ថានភាពផុយស្រួយរបស់ទីផ្សារមានការវិវត្តកាន់តែអាក្រក់ទៅៗ។
ទីផ្សារលំនៅឋាន និងលក់រាយនៅក្នុងរដ្ឋធានីម៉ានីលរបស់ហ្វីលីពីនបានបន្តជួបការលំបាក បន្ទាប់ពីជំងឺរាតត្បាត។ តម្រូវការបន្តធ្លាក់ចុះ ខណៈការផ្គត់ផ្គង់មានចំនួនច្រើនពេក ហើយប្រទេសនេះកំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។
ក្រុមអ្នកវិភាគបានវាយតម្លៃថា វិស័យអចលនទ្រព្យអាចប្រឈមមុខនឹងបញ្ហាកាន់តែច្រើន ព្រោះផលប៉ះពាល់ពេញលេញនៃវិបត្តិនៅមជ្ឈិមបូព៌ាអាចនឹងលេចចេញច្បាស់នៅក្នុងត្រីមាសទីពីរ ឆ្នាំនេះ។

ក្រុមហ៊ុន Ayala Land ដែលជាក្រុមហ៊ុនសាងសង់លំនៅឋានធំជាងគេរបស់ប្រទេសហ្វីលីពីន បានរាយការណ៍ថា ប្រាក់ចំណេញនៅត្រីមាសទីមួយបានដាំក្បាលចុះ២២,៧ភាគរយមកនៅត្រឹម៥,៣៧ពាន់លានប៉េសូ បើធៀបនឹង៦,៩៥ពាន់លានប៉េសូ កាលពីមួយឆ្នាំមុន។
ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារការកើនឡើងនៃតម្លៃថាមពល និងអាហារ ខណៈការនាំចូលប្រេងភាគច្រើនរបស់ប្រទេសនេះមានប្រភពមកពីមជ្ឈិមបូព៌ា៕ប្រភព: The Business Times៕








