តំបន់ភាគខាងកើតរាជធានីនឹងវិវត្តបែបណានៅឆ្នាំ២០៣០ ខណៈមនុស្សនៅក្នុងទីក្រុងកើនដល់ ៣លាននាក់?

ចែករំលែក

    ដោយៈ គង់ សូរិយា

    កណ្តាលៈ ចំនួនប្រជាជនរាជធានី នឹងកើនឡើងដល់ប្រមាណ៣លាននាក់នៅឆ្នាំ២០៣០ លំហូរចរាចរណ៍កាន់តែកកស្ទះ ការរីកចម្រើ​នផ្នែកនគរូបនីយកម្ម នឹងត្រូវបានគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធ និងកំណើនប្រជាសាស្រ្ត។

អ្នកវិភាគបានមើលឃើញថា តំបន់ភាគខាងកើតនៃទីក្រុងភ្នំពេញ ជាពិសេសតំបន់ដូចជា ច្បារអំពៅ កោះនរា អរិយក្សត្រ និងតំបន់មេគង្គភាគខាងកើតត្រូវបានគេរំពឹងថា នឹងក្លាយជាច្រករបៀងអចលនទ្រព្យមួយដែលមានការរីកចម្រើនលឿនបំផុតនៅឆ្នាំ ២០៣០ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ទីក្រុងរណប និងការពង្រីកចំនួនប្រជាជន។

១. ហេដ្ឋារចនាសម្ព័ន្ធធំៗនឹងជំរុញឱ្យតម្លៃដីធ្លីកើនឡើង

រដ្ឋាភិបាលកម្ពុជា និងអ្នកអភិវឌ្ឍន៍ឯកជន កំពុងសាងសង់ស្ពាន និងផ្លូវថ្មីៗជាច្រើន ដែលតភ្ជាប់ភាគខាងកើត នៃទីក្រុងភ្នំពេញទៅកាន់កណ្តាលទីក្រុង។ នៅឆ្នាំ២០៣០ រាជធានីភ្នំពេញមានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេកើនឡើងដល់១០ទីតាំង។

គម្រោងសំខាន់ៗរួមមាន ការតភ្ជាប់ស្ពានកោះនរា ទៅកាន់គំរោង​ Mekong Quay នៃក្រុងអរិយក្សត្រ ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ស្ពានចាក់អង្រែ-ព្រែកប្រា ផ្លូវរង្វង់ថ្មី និងការតភ្ជាប់អាកាសយានដ្ឋានជាដើម។

ការអភិវឌ្ឍគម្រោងទាំងនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរ និងធ្វើឱ្យផ្នែកខាងកើត កាន់តែទាក់ទាញសម្រាប់ការអភិវឌ្ឍបុរី លំនៅដ្ឋាន ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម ភស្តុភារកម្ម និងឃ្លាំង។

អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍បានរាយការណ៍រួចហើយ អំពីការកើនឡើងយ៉ាងខ្លាំងនៃដីធ្លីនៅជិតស្ពានថ្មីៗ។

២. ទីក្រុងរណបនឹងពង្រីកលឿន

ភាគខាងកើតនៃរាជធានីភ្នំពេញ កំពុងក្លាយជាតំបន់ “ទីក្រុងរណប” ស្រដៀងគ្នាទៅនឹងរបៀបដែលកោះពេជ្រ និងជ្រោយចង្វារបានអភិវឌ្ឍពីមុន។

គម្រោងផែនការមេសំខាន់ៗ ត្រូវបានគេរំពឹងថានឹងមាននៅជុំវិញមានដូចជា ទីក្រុងនរា ក្រុងអរិយក្សត្រជាប់មាត់ទន្លេមេគង្គ តំបន់មួយចំនួននៃខ័ណ្ឌច្បារអំពៅជាដើម។

ការអភិវឌ្ឍទាំងនេះនឹងបង្កើតឲ្យមាន សហគមន៍ដែលមានច្រកទ្វារកាន់តែច្រើន ការអភិវឌ្ឍចម្រុះ ការរីកចម្រើននៃផ្សារទំនើប សាលារៀនអន្តរជាតិ និងគម្រោងអគារខ្ពស់ៗ។

ក្រុមហ៊ុនOCIC និងអ្នកអភិវឌ្ឍន៍ធំៗផ្សេងទៀត បាននិងកំពុងចូលរួមយ៉ាងខ្លាំងនៅក្នុងតំបន់ទាំងនេះ។

៣. កំណើនប្រជាជននឹងផ្លាស់ប្តូរទៅទិសខាងកើត

ចំនួនប្រជាជននៅរាជធានីភ្នំពេញ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងយ៉ាងខ្លាំងឆ្ពោះទៅឆ្នាំ២០៣០ ដោយការពង្រីកទីក្រុងរីករាលដាលនៅខាងក្រៅមជ្ឈមណ្ឌលប្រពៃណី។

ការសិក្សាទីក្រុងមួយចំនួនថែមទាំងរំពឹងថា ចំនួនប្រជាជននៅក្រុងភ្នំពេញ នឹងកើនដល់ប្រមាណ៣លាននាក់ ដោយសារតែកណ្តាលទីក្រុងភ្នំពេញកាន់តែមានតម្លៃថ្លៃ និងមានមនុស្សច្រើន គ្រួសារវណ្ណៈកណ្តាលត្រូវបានគេរំពឹងថា នឹងផ្លាស់ទៅទិសខាងកើត ដែលដីមានតម្លៃថោកជាង ផ្លូវថ្នល់មានសភាពថ្មីជាង គម្រោងលំនៅដ្ឋានមានទំហំធំជាង និងបរិស្ថានមានដង់ស៊ីតេតិចជាង។

សេណារីយោនេះបង្កើតតម្រូវការ សម្រាប់​ការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ វីឡាតូចៗ ខុនដូកម្រិតមធ្យម និងកន្លែងលក់រាយ។

ជាអ្នកតាមដានលើការវិវត្តន៍សេដ្ឋកិច្ច សង្គម និងអចលនទ្រព្យលោកយិន លាងគង់មានស្ថាប័នផ្សព្វផ្សាយឯករាជ្យ លើវិស័យនេះអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។

លោកបានលើកឡើងថា តំបន់ភាគខាងកើតរាជធានី នឹងរីកចម្រើនលឿនឬយឺត  អាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ស្ថានភាព​សេដ្ឋកិច្ច និងការរីកចម្រើននគរូបនីយកម្ម។ លោកបន្តថា​ តាមអ្នកជំនាញ និងការអង្កេតផ្ទាល់ដីនៅភាគខាងកើត ភាពច្រើនជាតំបន់ទំនាប លិចទឹក ដែលទាមទារឲ្យអ្នកអភិវឌ្ឍ ត្រូវចាក់បញ្ចូលនូវតម្លៃបន្ថែមខ្ពស់ ហេតុនេះការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ទាមទារនូវតម្រូវការខ្ពស់ ប៉ុន្តែមានផលចំណេញទាប។

លោកបន្តថា “តាមខ្ញុំដឹងក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកជាច្រើន បានទិញដីនៅតំបន់នោះរួចហើយ ហេតុនេះការសាងសង់ស្ពានពីទីក្រុងនរា ទៅអរិយក្សត្រ កាន់តែលឿនតំបន់នោះនឹងមានការអភិវឌ្ឍលឿន”។ លោកព្រមានថា “ទោះជាយ៉ាងណា ការទាមទារនូវតម្លៃដីខ្ពស់ពីប្រជាជនមូលដ្ឋាន នឹងអាចជាឧបសគ្គរារាំងការអភិវឌ្ឍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផងដែរ”។

លោកបន្តថា ការរៀបចំ Master Plan និងការរៀបចំ Zone អភិវឌ្ឍន៍ឲ្យស្របតាមផែនការមេ នឹងជួយជម្រុញការអភិវឌ្ឍតំបន់ភាគខាងកើតប្រកបដោយចីរភាព និងនិរន្តរភាពផងដែរ”៕


ចែករំលែក