ដោយ: សហសេវិក
អន្តរជាតិ: ស្របពេលប្រាក់រូពៀ (rupiah) របស់ប្រទេសឥណ្ឌូនេសុីធ្លាក់ថ្លៃចុះធៀបនឹងប្រាក់ដុល្លារអាមេរិក និងភាពមិនប្រាកដប្រជានៃទីផ្សារកាន់តែធ្ងន់ធ្ងរឡើង ប្រជាជនឥណ្ឌូនេសុី ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកំពុងងាកទៅពិចារណាទិញអចលនទ្រព្យនៅក្រៅប្រទេស។
បុគ្គលមានទ្រព្យស្តុកស្តម្ភកំពុងស្វែងរកទីតាំងមានសុវត្ថិភាពសម្រាប់រក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេ និងទប់ទល់នឹងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណក្នុងស្រុក។
ការផ្លាស់ប្តូរនេះកើតឡើង ស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតីឥណ្ឌូនេសុី Prabowo Subianto កំពុងព្យាយាមអនុវត្តកម្មវិធីលំនៅឋានដ៏សំខាន់ ខណៈផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធដូចជាការលើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) សម្រាប់ការទិញផ្ទះ។

ប្រាក់រូពៀបានធ្លាក់ថ្លៃចុះដល់កម្រិតកំណត់ត្រាចំនួន១៧.៦០០រូពៀក្នុងមួយដុល្លារអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានធ្វើឱ្យរូបិយបណ្ណជាតិរបស់ប្រទេសឥណ្ឌូនេសុីមួយនេះក្លាយជារូបិយប័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណដែលធ្លាក់ថ្លៃចុះខ្លាំងបំផុតរបស់តំបន់អាស៊ីនៅឆ្នាំនេះ។
រូបិយប័ណ្ណរូពៀបានធ្លាក់ថ្លៃចុះប្រហែល ៤ ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងដាំក្បាលចុះប្រមាណ១០ ភាគរយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ការណ៍នេះបានបន្ថែមការព្រួយបារម្ភក្នុងចំណោមបណ្តាវិនិយោគិនដែលកំពុងព្យាយាមរក្សាអំណាចនៃការទិញ។
លោក Samuel Harry Su នាយកគ្រប់គ្រងផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Sekuritas Indonesia បានថ្លែងប្រាប់កាសែត The Jakarta Post ថា ការវិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេសអាចជួយកាត់បន្ថយផលប៉ះពាល់ពីការធ្លាក់ចុះនៃតម្លៃប្រាក់រូពៀ ដោយដាក់អចលនទ្រព្យនៅក្រៅប្រទេសក្នុងចំណោមជម្រើសសុវត្ថិភាព។
ទោះជាយ៉ាងណា លោកបានបន្ថែមថា ខណៈអតិផរណាទូទាំងពិភពលោកកំពុងកើនឡើង ដោយសារកំណើននៃតម្លៃថាមពលខ្ពស់ បណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ ទំនុកចិត្តលើទីផ្សារអចលនទ្រព្យអាចនឹងថយចុះទូទាំងពិភពលោក ដោយព្រមានថា អចលនទ្រព្យសកលមិនមានភាពស៊ាំទៅនឹងការប៉ះទង្គិចផ្នែកម៉ាក្រូសេដ្ឋកិច្ចនោះទេ៕ប្រភព: Jakarta Post៕







