ម៉ា​ឡេសុី​គ្រោង​ផ្តល់​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​កាន់​តែ​ច្រើន​ដល់​បណ្តា​អ្នក​អភិវឌ្ឍន៍​ និង​ជំរុញ​ការ​កែ​ទម្រង់​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេសុីបានប្រកាសផ្តល់នូវការគាំទ្រកាន់តែខ្លាំងដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលអភិវឌ្ឍគម្រោងផ្តល់ផលចំណេញផ្នែកសង្គម និងបរិស្ថានយ៉ាងខ្លាំង និងស្របតាមអាទិភាព។

ការគាំទ្រទាំងនេះ រួមមានការពន្លឿនការអនុម័ត ការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបានសេវាហិរញ្ញប្បទានកាន់តែប្រសើរឡើង ក្រោមកំណែទម្រង់វិស័យសំណង់នាពេលខាងមុខ ដែលអនុវត្តដោយរដ្ឋាភិបាល។

លោក Mohd Shahar Abdullah អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានអះអាងថា រដ្ឋាភិបាលនឹងធ្វើការសិក្សាអំពីកំណែទម្រង់វិស័យសំណង់ ក្រោមផែនការម៉ាឡេស៊ីលើកទី១៣ (13th Malaysia Plan) ដើម្បីពង្រឹង និងលើកកម្ពស់ឧស្សាហកម្មសំណង់របស់ប្រទេស។

លោក​បាន​មានប្រសាសន៍​ថា ការ​សិក្សា​នេះ​មាន​គោលបំណង​រៀបចំ​រចនាសម្ព័ន្ធ​វិស័យ​នេះ​ឡើង​វិញ តាមរយៈ​ការ​បង្កើត​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ និង​ច្បាប់​គ្រប់ជ្រុងជ្រោយ​មួយ ដែល​គ្របដណ្តប់​លើ​វិស័យ​សំណង់ ការគ្រប់គ្រង​ទ្រព្យសកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​សំណង់​ប្រកបដោយ​វិជ្ជាជីវៈ។

កំណែទម្រង់ទីផ្សារលំនៅឋាន ក្រោមផែនការម៉ាឡេស៊ីលើកទី១៣ (13MP) នឹងដោះស្រាយបញ្ហានៃភាពមិនស៊ីសង្វាក់គ្នាកាន់តែខ្លាំងឡើងរវាងការផ្គត់ផ្គង់លំនៅឋាន និងលទ្ធភាពទិញ តាមរយៈការបង្កើនផ្ទះដែលមានគុណភាព និងមានតម្លៃសមរម្យ និងកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន។

លោក Mohd Shahar បានគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទីមួយនៃឆ្នាំ ២០២៦ ប្រទេសម៉ាឡេស៊ីមានលំនៅឋានមិនទាន់លក់ចេញ (unsold) ចំនួន ៣២.៨០១យូនីត ដែលមានតម្លៃសរុបចំនួន ១៦,៣៧ ពាន់លានរីងហ្គីត៕ប្រភព: NST online៕


ចែករំលែក