ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ប្រទេសចិនបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពេលខ្លះ តម្លៃផ្ទះឈប់ធ្លាក់ចុះមួយរយៈពេលខ្លី ដែលធ្វើឱ្យគេសង្ឃឹមថា វិបត្តិនឹងបញ្ចប់។ ប៉ុន្តែជារៀងរាល់ពេល តម្លៃផ្ទះបានចាប់ផ្តើមធ្លាក់ចុះម្តងទៀត។
យ៉ាងណាមិញ បន្ទាប់ពីតម្លៃផ្ទះនៅក្នុងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិនមានស្ថិរភាពនៅដើមឆ្នាំ២០២៦ ក្រុមអ្នកជំនាញកំពុងជជែកវែកញែកថា តើទីផ្សារបានដាំក្បាលចុះដល់បាតហើយឬនៅ ឬអាចបន្តធ្លាក់ចុះឡើតវិញសាជាថ្មី។
តម្លៃផ្ទះនៅក្នុងទីក្រុងធំៗទាំង៤ របស់ប្រទេសចិន រួមមាន ទីក្រុងប៉េកាំង សៀងហៃ សិនជិន និងក្វាងចូវ បានកើនឡើងប្រហែល២ភាគរយរវាងខែកុម្ភៈ និងខែមេសា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា តម្លៃផ្ទះនៅតែធ្លាក់ចុះប្រហែល៣៨ភាគរយបើរាប់គិតចាប់តាំងពីឆ្នាំ២០២១។
ការធ្លាក់ចុះនៃតម្លៃផ្ទះបានធ្វើឱ្យគ្រួសារពលរដ្ឋចិនជាច្រើនរងផលប៉ះពាល់ ខណៈមនុស្សជាច្រើនបានវិនិយោគប្រាក់សន្សំភាគច្រើនរបស់ពួកគេទៅលើអចលនទ្រព្យ ដោយជឿថា ផ្ទះ ជាមធ្យោបាយសុវត្ថិភាពមួយដើម្បីកសាងទ្រព្យសម្បត្តិ។ ផ្ទុយទៅវិញ មនុស្សជាច្រើនបានខាតបង់ប្រាក់យ៉ាងច្រើន នៅពេលវិស័យនេះដាំក្បាលចុះ។
ក្រុមអ្នកវិភាគមួយចំនួនកំពុងមានសង្ឃឹមកាន់តែខ្លាំងឡើង ហើយជឿជាក់ថា ទីផ្សារលំនៅឋានរបស់ប្រទេសចិនអាចនឹងឈានដល់ចំណុចរបត់មួយ ជាពិសេសនៅទីក្រុងសៀងហៃ និងទីក្រុងសិនជិន។

ទីក្រុងសៀងហៃបានដាក់ចេញគោលនយោបាយផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលផងដែរ ដែលអនុញ្ញាតឱ្យអ្នកទិញផ្ទះអាចខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាបជាងមុន តាមរយៈមូលនិធិលំនៅឋានក្រុង។
លោក Karl Choi អ្នកជំនាញមកពីធនាគារ Bank of America បានលើកឡើងថា វិធានការខាងលើនេះស្រដៀងគ្នាទៅនឹងការកាត់បន្ថយអត្រាការប្រាក់ ពីព្រោះការខ្ចីប្រាក់ផ្ទះកាន់តែមានភាពងាយស្រួលជាងមុន។
លោកជឿជាក់ថា តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនអាចឈប់ធ្លាក់ចុះ ហើយមានស្ថិរភាពនៅឆមាសទីពីរនៃឆ្នាំនេះ ហើយភាពប្រសើរឡើងនឹងរីករាលដាលដល់ទីក្រុងតូចៗនៅឆ្នាំ២០២៧ខាងមុខ៕ប្រភព: NYTIMES៕








