ដោយៈ ចំណាន
ប្រទេសចិនៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមវេទិកាផ្គូផ្គងការផ្គត់ផ្គង់សកល ក្នុងកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពី ការវិនិយោគនិងពាណិជ្ជកម្មចិនភាគខាងលិច (8th WCIFIT) នៅទីក្រុងឆុងឈីង។
គណៈប្រតិភូកម្ពុជារួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា-ចិន អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាចំនួន៩បានចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ស្តីពី ការវិនិយោគនិងពាណិជ្ជកម្មចិនភាគខាងលិច (8th WCIFIT) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្ត្រអភិវឌ្ឍន៍ភាគខាងលិច និងរង្វង់សេដ្ឋកិច្ចឆឹងទូ-ឆុងឈីង ដើម្បីផ្គូផ្គងភាពជាដៃគូ ការតភ្ជាប់សកល និងការពង្រឹងឥទ្ធិពលឧស្សាហកម្ម ផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ យានយន្តភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ, គ្រឿងបង្គុំយានយន្ត, ការកែច្នៃផលិតផលកសិកម្ម, ភស្តុភារកម្មទំនើប, សុខាភិបាល, និងថាមពលបៃតង។
នៅក្នុងពិធីបើកវេទិកា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃ ក.អ.ក. បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងការបង្កបរិយាកាសដ៏រស់រវើក ជាមួយកិច្ចសម្រួលវិនិយោគ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក.។
លោកហ៊ាង សុទ្ធាយុទ្ឌបានរំលេចពីការបង្ក បរិយាកាសវិនិយោគអំណោយផល តាមរយៈការអនុញ្ញាតឱ្យវិនិយោគិនបរទេស ទទួលបានការកាន់កាប់សិទ្ធិវិនិយោគ១០០% អនុញ្ញាតឱ្យមានលំហូរប្រាក់ដោយសេរី ការពារពីការធ្វើជាតូបនីយកម្ម និងគ្មានការរើសអើងចំពោះវិនិយោគិនបរទេស។
ជាងនេះទៅទៀត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ទទួលបានការលើកលែងពន្ធ លើប្រាក់ចំណេញរហូតដល់ ៩ឆ្នាំ ការលើកលែងពន្ធគយ ពន្ធអាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ធុករដ្ឋ សម្រាប់សកម្មភាពវិនិយោគ ដែលភ្ជាប់ការស្រាវជ្រាវ-អភិវឌ្ឍន៍ ការអភិវឌ្ឍធនធានមនុស្ស និងឧស្សាហកម្មគាំទ្រ ជាដើម។ល។
កម្ពុជាបានធ្វើទំនើបកម្ម និងសាមញ្ញកម្មការផ្តល់សេវាសាធារណៈ ជាមួយនឹងការដាក់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ដោយបានប្រែក្លាយនីតិវិធីចុះបញ្ជីវិនិយោគបែបប្រពៃណីលើក្រដាស ទៅជាឌីជីថលពីចម្ងាយ ទូទាត់តាមឌីជីថល កាត់បន្ថយការជួបផ្ទាល់ និងការចំណាយមិនចាំបាច់នានា។
គ្រប់ឯកសារចាប់ពីការដាក់ពាក្យស្នើសុំ រហូតដល់ការចេញវិញ្ញាបនបត្រ ត្រូវបានប្រើហត្ថលេខា និងត្រាអេឡិចត្រូនិក ដោយមាន QR Code ភ្ជាប់ទៅកាន់ដែន verify.gov.kh ធ្វើឱ្យឯកសារឌីជីថលទាំងនេះ មានតម្លៃជាឯកសារច្បាប់ដើម និងមានផ្ទុកព័ត៌មានចាំបាច់ពីការវិនិយោគរបស់ក្រុមហ៊ុន។
ប្រព័ន្ធcdcIPM នេះ មានសមត្ថភាពកត់ត្រាដំណើរការការងាររបស់មន្ត្រីអន្តរក្រសួង -ស្ថាប័នជាឌីជីថល និងផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចតាមដាន គ្រប់ដំណាក់កាលនៃការផ្តល់សេវា តាមរយៈការស្គេនQR Code លើវិក្កយបត្របង់ប្រាក់ ព្រមទាំងការជូនដំណឹងតាមរយៈ E-mail និង Telegram ផងដែរ។
ក្រៅពីការទាក់ទាញវិនិយោគ និងសម្រួលនីតិវិធីនានា កម្ពុជាក៏បានយកចិត្តទុកដាក់ លើការពិគ្រោះយោបល់ និងការដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន ជាមួយយន្តការនៃកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD) ដោយមានការសហការយ៉ាងជិតស្និត ជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។

តាមរយៈទិន្នន័យនៃចំនួន វិនិយោគពីបរទេសនៅកម្ពុជា បានបង្ហាញឱ្យឃើញថា ការវិនិយោគពីប្រទេសចិនមានចំនួនខ្ពស់ និងនៅតែបន្តកើនឡើង។ តួលេខនេះបានបង្ហាញពីទំនុកចិត្ត ដ៏មុតមាំរបស់វិនិយោគិនចិន មកលើបរិយាកាសវិនិយោគ និងរាជរដ្ឋាភិបាលកម្ពុជា។
លោកអគ្គលេខាធិការរង បានយកឱកាសនៃវេទិកានេះ ធ្វើការអញ្ជើញសហគ្រិន អ្នកផ្គត់ផ្គង់ និងវិនិយោគិនចិនទាំងអស់ ពិចារណាលើការជ្រើសរើសកម្ពុជា ជាគោលដៅបន្ទាប់ សម្រាប់ការវិនិយោគរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ ពីការតភ្ជាប់ទៅទីផ្សារក្នុងតំបន់អាស៊ាន ដែលមានប្រជាជនជាង៦០០លាននាក់ និងទៅកាន់សកលលោក។
នៅក្នុងវេទិកាផ្គូផ្គងនេះ ក៏មានក្រុមហ៊ុនសហគ្រាសមួយចំនួន បានចូលមកសាកសួរព័ត៌មាន និងធ្វើការប្រឹក្សាយោបល់នៅ នឹងកន្លែង តាមបណ្តាតុរបស់ក្រុមការងារ គណៈប្រតិភូរបស់កម្ពុជាផងដែរ៕







