តើ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​នឹង​ជះផលប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដូច​ម្តេច?​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមស្ថាប័ន Moody’s Analytics កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APAC) ត្រូវបានរំពឹងថានឹងថមថយបន្តិច ដោយធ្លាក់ចុះពី ៤,៤% ក្នុងឆ្នាំ ២០២៥ មកនៅត្រឹម ៤,៣% ក្នុងឆ្នាំ ២០២៦ និង ៣,៧% ក្នុងឆ្នាំ ២០២៧។

ស្ថាប័នខាងលើបានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី និងម៉ាឡេស៊ី នឹងមានកំណើនសេដ្ឋកិច្ចលឿនជាងមុននៅឆ្នាំ ២០២៦ បើធៀបនឹងឆ្នាំ ២០២៥។

ក្រុមហ៊ុន Moody’s Analytics បានអះអាងថា ការកើនឡើងនៃតម្លៃទំនិញ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកើតចេញពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា នឹងធ្វើឱ្យតម្រូវការក្នុងស្រុកថយចុះ ដោយដាក់សម្ពាធលើការចំណាយរបស់គ្រួសារ និងប៉ះពាល់ដល់ការវិនិយោគក្នុងវិស័យផលិតកម្ម និងសេវាកម្ម។

ក្រុមហ៊ុននេះបានបន្ថែមថា តម្លៃប្រេងកំពុងកើនឡើងកៀកនឹងកម្រិតខ្ពស់បំផុតដូចដែលធ្លាប់បានកើតឡើងកាលពីខែមេសា ដែលធ្វើឱ្យសម្ពាធលើលទ្ធភាពចំណាយទូទាំងពិភពលោកត្រឡប់មកវិញ។

ចំពោះតំបន់អាស៊ីដែលជាអ្នកនាំចូលថាមពលវិញ ផលវិបាកដែលនឹងកើតឡើងរួមមាន លក្ខខណ្ឌពាណិជ្ជកម្មកាន់តែមិនអំណោយផល អត្រាអតិផរណាកាន់តែខ្ពស់ និងសម្ពាធកាន់តែខ្លាំងលើការផ្តល់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។

យ៉ាងណាមិញ របាយការណ៍បានគូសបញ្ជាក់ថា «បណ្តាប្រទេសដែលត្រូវបានបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងដើរផ្ទុយពីនិន្នាការទូទៅ»៕


ចែករំលែក