មន្រ្តីជាន់ខ្ពស់កម្ពុជា​ចូល​រួម​វេទិកា​សកល​ស្តី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍ​ ជា​មួយ​ប្រទេស​ជាង​៥០​នៅ​ប្រទេស​ចិន​

ចែករំលែក

    ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឡើងថ្លែងសុន្ទរកថា បើកតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងកម្មវិធី វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍន៍ជនបទចិន និងមជ្ឈមណ្ឌលកាត់បន្ថយភាពក្រីក្រអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន (IPRCC) ដោយមានកាអញ្ជើញចូលរួមពីគណៈប្រតិភូ ប្រទេសកំពុងអភិវឌ្ឍចំនួន៥៤ និងអង្គការអន្តរជាតិចំនួន៩។

កម្មវិធីបើកវេទិកាសកលនេះ ក៏មានការថ្លែងសុន្ទរកថាពីសំណាក់លោក Liu Guozhong ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (តាមរយៈការអានសារដោយឯកឧត្តម Stephen Jackson អ្នកសម្របសម្រួលប្រចាំអង្គការសហប្រជាជាតិប្រចាំសាធារណរដ្ឋប្រជាមានិតចិន) និងលោក Mariano Assanami Sabino ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងអំពីភាពជោគជ័យរបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ គឺជាសមិទ្ធផលអភិវឌ្ឍន៍ដ៏លេចធ្លោ ក្នុងសម័យទំនើប ដោយបានរំដោះប្រជាជនចិនជាង៨០០លាននាក់ ឱ្យចាកផុតពីភាពក្រីក្រ ក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយនេះ។

ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍ ភាពជាដៃគូសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (Global Partnership for Poverty Alleviation and Development – GPPAD) ដែលជាវេទិកាសកល សម្រាប់ការចែករំលែកបទពិសោធ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងខណៈដែលការកាត់បន្ថយភាពក្រីក្រ នៅតែជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ កាន់តែខិតជិតចូលមកដល់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីបទពិសោធន៍របស់កម្ពុជា ជូនអង្គវេទិកាសកល ដោយបានគូសរំលេចថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានស្តារឡើងវិញនូវសន្តិភាព, ការបើកចំហសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មចូលក្នុងតំបន់និងសកលលោក។

លោកបញ្ជាក់ងា “សន្តិភាពនេះ បានផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជាថា “ថ្ងៃស្អែក នឹងប្រសើរជាងថ្ងៃម្សិលមិញ”។

លោកវង្សី វិស្សុតបានបន្តថា បច្ចុប្បន្នក្រោមការដឹកនាំប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដោយបន្តយកប្រជាជនជាស្នូល និងជាអាទិភាពទី១ និងដើម្បីធ្វើឱ្យកំណើនកាន់តែមានអត្ថន័យ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ប្រាក់ចំណូល ការបង្កើតការងារសមរម្យ ការវិនិយោគលើមូលធនមនុស្ស និងការពង្រឹងប្រព័ន្ធគាំពារសង្គម ព្រមទាំងការកសាងភាពជាដៃគូដែលផ្តល់លទ្ធផលជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ការចូលរួមរបស់កម្ពុជាក្នុងវេទិកានេះ មិនមែនបង្ហាញពីគំរូដ៏ល្អឥតខ្ចោះនោះទេ ឬចម្លងតាមគំរូណាមួយនោះទេ ប៉ុន្តែគឺការចូលរួមចែករំលែកនូវបទពិសោធរបស់កម្ពុជា ពីជម្លោះឆ្ពោះទៅសន្តិភាព ពីការស្តារឡើងវិញឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច និងពីកំណើនសេដ្ឋកិច្ច ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់ជាងមុន។

ក្នុងន័យនេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ការកាត់បន្ថយភាពក្រីក្រ គឺពិតជាអាចសម្រេចទៅបាន តាមរយៈការរក្សាឱ្យបាននូវសន្តិភាព ការអភិវឌ្ឍដែលយកប្រជាជនជាស្នូល ការពង្រឹងធនធានមនុស្ស ព្រមទាំងកិច្ចសហការ រវាងប្រទេសនិងប្រទេស ប្រកបដោយភាពបើកចំហ និងភាពជាដៃគូដ៏ពិតប្រាកដ។

លោកបានសង្កត់ធ្ងន់ថា“ភាពជាដៃគូនៅតែជាកត្តាស្នូល សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយភាពរីកចម្រើននិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ មិនអាចកាត់ផ្តាច់បានឡើយពីតួនាទី កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសចិន នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ”។

ក្នុងន័យនេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ដំណាក់កាលថ្មីនៃភាពជាដៃគូកម្ពុជា-ចិន ក្រោមក្របខណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” នឹងកាន់តែរឹងមាំ និងសកម្មបន្ថែមទៀត ដោយនាំមកនូវលទ្ធផលផ្លែផ្កា និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ការកាត់បន្ថយភាពក្រីក្រ ទាមទារនូវបរិស្ថាននៃកិច្ចសហប្រតិបត្តិការ អន្តរជាតិប្រកបដោយភាពបើកចំហ ហើយក៏គ្មានប្រទេសណាមួយអាចសម្រេចកិច្ចការនេះតែម្នាក់ឯងដែរ។ ទន្ទឹមនេះ ប្រទេសកំពុងអភិវឌ្ឍត្រូវការស្ថិរភាពទីផ្សារ ការវិនិយោគ បច្ចេកវិទ្យា ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ និងកាលានុវត្តភាពប្រកបដោយសមធម៌ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។

ឈរលើមូលដ្ឋាននេះ ពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្មប្រកបដោយសមធម៌និងបរិយាបន្ន ព្រមទាំងពហុភាគីនិយមប្រកបដោ​យប្រសិទ្ធភាព នៅតែជាកត្តាចាំបាច់បំផុត ដែលមិនអាចខ្វះបាន។ ក៏ប៉ុន្តែ កិច្ចការទាំងនេះទាមទារ នូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលមានភាពរឹងមាំ។ ក្នុងបរិបទនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ តួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចអភិវឌ្ឍន៍អន្តរជាតិ ជាពិសេសក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”និង“គំនិ​​​​តផ្តួចផ្តើមអភិវឌ្ឍន៍សកល” ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងទៀត៕


ចែករំលែក