ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែននៅកម្ពុជា (3CEP) ក្រោមការគាំទ្រដោយធនាគារAIIB។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែននៅព្រះរាជាណាចក្រកម្ពុជា (Cambodia Cross-border Connectivity Enhancement Project ហៅកាត់ថា3CEP) ក្រោមក្របខណ្ឌហិរញ្ញប្រទាន សហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ ព្រមទាំងតំណាងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV ផងដែរ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តសកម្មភាពនានា ក្នុងដំណាក់កាលនៃការរៀបចំគម្រោង3CEP ជាពិសេសគឺផ្ដោតលើ (១)-លទ្ធផលការងារសម្រេចបាន ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV រួមជាមួយបញ្ហាប្រឈម និងសំណូមពរនានា និង (២)-ការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់បេសកកម្មលើកទី៦ មកកម្ពុជា របស់ក្រុមអ្នកជំនាញការនៃធនាគារAIIB។

គម្រោង3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការ ដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។
ជាពិសេស គម្រោងនេះក៏នឹងជម្រុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិនិងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ(១)- កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS) ២)-កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម។
(៣)-ចូលរួមចំណែកអនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥) និង(៤) អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកកម្ពុជាផងដែរ៕







