ដោយៈ ចំណាន
ភ្នំពេញៈ ប្រសិនបើជម្លោះដ៏ធំមួយរវាងប្រទេសថៃ និងកម្ពុជាបានបំផ្លាញទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ វានឹងក្លាយជាការសាកល្បងដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។
ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ជម្លោះនេះ វាមិនមានន័យថាអាស៊ានបែកបាក់ដោយស្វ័យប្រវត្តិនោះទេ។
អាស៊ានធ្លាប់បានរួចផុតពីវិបត្តិធំៗជាច្រើនពីមុនមក ដូចជា វិបត្តិហិរញ្ញវត្ថុអាស៊ី ជម្លោះសមុទ្រចិនខាងត្បូង វិបត្តិមីយ៉ាន់ម៉ា និងភាពតានតឹងនយោបាយផ្ទៃក្នុងក្នុងចំណោមរដ្ឋជាសមាជិក។
ជម្លោះព្រំដែនថៃ-កម្ពុជាថ្មីៗនេះ បានបង្ហាញពីចំណុចខ្សោយនៃសមត្ថភាពរបស់អាស៊ាន ក្នុងការទប់ស្កាត់ការប្រយុទ្ធគ្នារវាងសមាជិក។
អ្នកវិភាគបានអះអាងថា ភាពជឿជាក់របស់អាស៊ានត្រូវបានប្រឈមមុខ ដោយសារតែរដ្ឋជាសមាជិកពីរ បានងាកទៅរកកម្លាំងយោធា ជំនួសឱ្យការដោះស្រាយជម្លោះដោយសន្តិវិធី។
ទោះជាយ៉ាងណាក៏ដោយ អាស៊ានមិនបានដួលរលំទេ។ ផ្ទុយទៅវិញ មានសកម្មភាពសម្របសម្រួលមួយចំនួនដួចជា រដ្ឋមន្ត្រីការបរទេសអាស៊ានបានរៀបចំការពិភាក្សាបន្ទាន់។ អាស៊ានគាំទ្របទឈប់បាញ់ និងការសន្ទនា។ សមាជិកអាស៊ាន បានសម្របសម្រួលកិច្ចប្រជុំរវាងរដ្ឋាភិបាលទាំងពីរ និងមានយន្តការសង្កេតការណ៍អាស៊ានត្រូវបានពិភាក្សាដើម្បីតាមដានការរៀបចំសន្តិភាព។
តើមានអ្វីអាចកើតឡើងចំពោះអនាគតរបស់អាស៊ាន?
មានសេនារីយោមួយចំនួន នឹងកើតមានឡើងនៅក្នុងបរិបទនេះប្រសិនជាជម្លោះនេះរីរាលដាល និងអូសបន្លាយ។
សេណារីយ៉ូទី១៖ អាស៊ានកាន់តែរឹងមាំ សមាជិកយល់ថាជម្លោះក្នុងតំបន់ធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។ អាស៊ានបង្កើតយន្តការ ដោះស្រាយជម្លោះឱ្យកាន់តែរឹងមាំ។ ខ្សែទូរស័ព្ទទាន់ហេតុការណ៍យោធា ក្រុមអ្នកសង្កេតការណ៍ និងបណ្តាញជម្លោះផ្លូវច្បាប់កាន់តែច្រើនត្រូវបានបង្កើតឡើង។
សេណារីយ៉ូទី២: អាស៊ាននៅតែមាន ប៉ុន្តែកាន់តែខ្សោយទៅ។ ប្រទេសជាសមាជិក ផ្តោតលើផលប្រយោជន៍ជាតិកាន់តែច្រើន។ មហាអំណាចខាងក្រៅ ដូចជា សហរដ្ឋអាមេរិក និងចិន ទទួលបានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងជម្លោះក្នុងតំបន់។ អាស៊ានក្លាយជាវេទិកាសេដ្ឋកិច្ចច្រើនជាងអង្គការសន្តិសុខ។
សេណារីយ៉ូទី៣: ការបែកបាក់យ៉ាងជ្រៅ ដែលនេះគឺជាសេណារីយ៉ូធ្ងន់ធ្ងរបំផុត ប៉ុន្តែទំនងជាមិនសូវកើតមាន។ ប្រសិនបើសមាជិកច្រើននាក់ ឈប់ជឿទុកចិត្តលើស្ថាប័នអាស៊ាន ហើយចាប់ផ្តើមបង្កើតប្លុកគូប្រជែង ភាពជាមជ្ឈមណ្ឌលរបស់អាស៊ាន អាចធ្លាក់ចុះយ៉ាងខ្លាំង។
ទោះជាយ៉ាងណាបច្ចុប្បន្ននេះ មានភស្តុតាងតិចតួចណាស់ដែលបង្ហាញថា រដ្ឋជាសមាជិកចង់ចាកចេញពីអាស៊ាន។ រដ្ឋាភិបាលភាគច្រើន នៅតែមើលឃើញអត្ថប្រយោជន៍សេដ្ឋកិច្ច និងការទូតពីសមាជិកភាព។
ហេតុអ្វីបានជាអាស៊ាននៅតែមានសារៈសំខាន់?
អាស៊ានតំណាងឱ្យទីផ្សារ ដែលមានប្រជាជនជាង៦៨០លាននាក់ ហើយជាតំបន់ផលិតកម្ម និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
សមាជិកពឹងផ្អែកយ៉ាងខ្លាំង ទៅលើពាណិជ្ជកម្មក្នុងតំបន់ ការវិនិយោគ អាកាសចរណ៍ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់។ ការបំបែកអាស៊ានចេញពីគ្នា នឹងបង្កការចំណាយសេដ្ឋកិច្ចយ៉ាងច្រើនលើសមាជិកគ្រប់រូប រួមទាំងប្រទេសថៃ និងកម្ពុជាផងដែរ។
លទ្ធផលដែលទំនងជាងនេះទៅទៀត មិនមែនអាស៊ាននឹងបាត់ខ្លួននោះទេ ប៉ុន្តែអាស៊ាន កំពុងរងសម្ពាធឱ្យកែទម្រង់ប្រព័ន្ធគ្រប់គ្រងជម្លោះរបស់ខ្លួនបន្ទាប់ពីវិបត្តិថៃ-កម្ពុជា។
តើការបញ្ចប់ជម្លោះនេះ នឹងទទួលបានជោគជ័យឬអត់ គឺអាស្រ័យលើថា តើរដ្ឋាភិបាលជាសមាជិកមានឆន្ទៈ ក្នុងការផ្តល់តួនាទីកាន់តែរឹងមាំដល់អាស៊ាន ក្នុងការសម្របសម្រួល និងអនុវត្តច្បាប់ឬអត់?។
លោកAbdul Rahman Yaacob មកពីវិទ្យាស្ថាន Lowy បាននិយាយថា ជម្លោះដ៏ធំមួយរវាងប្រទេសថៃ និងកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់អាស៊ាន ពីព្រោះប្លុកនេះកំពុងប្រឈមមុខនឹងការរិះគន់រួចហើយលើការដោះស្រាយវិបត្តិក្នុងតំបន់។
ចំណែកលោក Pavin Chachavalpongpun រួមជាមួយអ្នកប្រាជ្ញដទៃទៀតនៅក្នុងកិច្ចប្រជុំតុមូលឆ្នាំ ២០២៦ ដែលរៀបចំដោយការិយាល័យជាតិស្រាវជ្រាវអាស៊ី បានអះអាងថា ជម្លោះព្រំដែនឆ្នាំ ២០២៥-២០២៦ បានបង្ហាញពីចំណុចខ្សោយ នៅក្នុងយន្តការគ្រប់គ្រងជម្លោះរបស់អាស៊ាន។
អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន ISEAS – Yusof Ishak បានរកឃើញថា អ្នកឆ្លើយតបអាស៊ីអាគ្នេយ៍ជាច្រើន បានមើលឃើញថាអាស៊ាន “យឺត និងគ្មានប្រសិទ្ធភាព” ក្នុងអំឡុងពេលវិបត្តិថៃ-កម្ពុជា ដែលបង្កើនការព្រួយបារម្ភអំពីប្រសិទ្ធភាព នាពេលអនាគតរបស់អង្គការនេះ។
ក្នុងពេលជាមួយគ្នានេះ អ្នកវិភាគភាគច្រើនក៏បានកត់សម្គាល់ផងដែរថា អាស៊ានបានរួចផុតពីជម្លោះពីមុនៗ ទាក់ទងនឹងជម្លោះប្រាសាទព្រះវិហារកម្ពុជា-ថៃ ជម្លោះសមុទ្រចិនខាងត្បូង និងវិបត្តិមីយ៉ាន់ម៉ា។
ដោយសារតែអាស៊ានដំណើរការ តាមរយៈការឯកភាពគ្នា និងការពឹងពាក់គ្នាទៅវិញទៅមកខាងសេដ្ឋកិច្ច អ្នកជំនាញជាទូទៅរំពឹងថាប្លុកនេះនឹងនៅតែដដែល ទោះបីជាមានភាពតានតឹងធ្ងន់ធ្ងរក៏ដោយ។ ហានិភ័យធំជាងនេះ មិនមែនជាការដួលរលំជាផ្លូវការទេ ប៉ុន្តែជាការថយចុះនៃការជឿទុកចិត្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយឺត និងឥទ្ធិពលអន្តរជាតិចុះខ្សោយ។
ដូច្នេះទស្សនៈរបស់អ្នកវិភាគសំខាន់ៗ គឺ ទី១ ជម្លោះថៃ-កម្ពុជាអាចបំផ្លាញសាមគ្គីភាពអាស៊ានយ៉ាងធ្ងន់ធ្ងរ។ ទី២. វាអាចធ្វើឱ្យទំនុកចិត្តវិនិយោគិន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ចុះខ្សោយ។ ទី៣. វាមិនទំនងជារំលាយអាស៊ានទាំងស្រុងនោះទេ ពីព្រោះរដ្ឋជាសមាជិកនៅតែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសន្តិសុខនៅក្នុងប្លុកមួយនេះ៕







