តើ​តំបន់​ណា​មាន​សក្តានុពល​កំណើន​សម្រាប់​អចលន​ទ្រព្យ​នា​ពេល​អនាគត​?​

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ទីផ្សារអចលនទ្រព្យកម្ពុជា គ្រាន់តែមានភ្ល់ៀង និងជួបព្យុះមួយរយៈប៉ុណ្ណោះ វានៅតែមានឱកាសចែងចាំងសម្រាប់អនាគត សម្រាប់តំបន់មួយចំនួន។

អ្នកជំនាញបានលើកឡើងថា តំបន់ដែលមានសក្តានុពលរយៈពេលវែង វិនិយោគិនជាច្រើនកំពុងតាមដាន មានដូចជា នៅច្រករបៀងពង្រីកទីក្រុងភ្នំពេញភាគខាងជើង និងខាងលិច។ ច្រករបៀងផ្លូវជាតិលេខ៤ ច្រករបៀងផ្លូវជាតិលេខ៥១។ តំបន់ជុំវិញផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ តំបន់ឧស្សាហកម្មថ្មី និងមជ្ឈមណ្ឌលដឹកជញ្ជូន។

សម្រាប់ទស្សនវិស័យរយៈពេលវែង សម្រាប់ឆ្នាំ២០២៦-២០៣៥

អ្នកវិភាគបានមើលឃើញថា ទីផ្សារនឹងមានកំណើនខ្លាំងបំផុតទំនងជាមកពីលំនៅដ្ឋានដែលមានតម្លៃសមរម្យ សួនឧស្សាហកម្ម ឃ្លាំង និងអចលនទ្រព្យដឹកជញ្ជូន ជាជាងខុនដូប្រណីត។

វដ្តអចលនទ្រព្យបន្ទាប់របស់ប្រទេសកម្ពុជា ទំនងជាត្រូវបានជំរុញដោយកំណើនប្រជាជន ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាជាងការរំពឹងទុកតែម្នាក់ឯង។

អ្នកជំនាញបាននិយាយថា កំណើនប្រជាជន មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ការរីកចម្រើនវិស័យឧស្សាហកម្ម និងបទពិសោធន៍របស់អ្នកអភិវឌ្ឍន៍ ដែលងាកមកកាន់ទីផ្សារតម្លៃសមរម្យ មានភាពស្របគ្នា នឹងនិន្នាការប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាក់ស្តែង។

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានឈរជើងតាមដាន និងប្រឡូកក្នុងវិស័យនេះរយៈពេល១០ឆ្នាំ ជាមួយប្រព័ន្ធផ្សព្វផ្សាយឈានមុខគេលើវិស័យនេះបានមានប្រសាសន៍ឲ្យដឹងថា ការកើនឡើងបែបពពុះសាប៊ូ ទំនងជាបញ្ចប់ហើយ ដោយមេរៀននេះបានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ និងឈឺចាប់ ជាមួយបទពិសោធន៍ដ៏័អាក្រក់កន្លងមក និងនាពេលបច្ចុប្បន្ននេះ។

លោកបញ្ជាក់ថា “វិស័យនេះ នឹងដើរអមជាមួយពេលវេលា និងសេដ្ឋកិច្ចសង្គម ជាមួយការរីកចម្រើន ប្រកបដោយភាពច្បាស់លាស់ជាងមុន”។ លោកបន្តថា “ការប្រើប្រាស់សាច់ប្រាក់មិនត្រឹមត្រូវ ដោយសារកង្វះចំណេះដឹងហិរញ្ញវត្ថុ បានធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនជាប់ផុងក្នុងវិស័យនេះ”។

លោកយិន លាងគង់បន្តថា ទោះជាយ៉ាងណា តំបន់មានឱកាសរីកចម្រើន គឺតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ងាយស្រូល តំបន់ ដែលមានមនុស្សរស់នៅច្រើន ពិសេសតំបន់ជាយរាជធានីភ្នំពេញចន្លោះពី២០ទៅ៣០គីឡូម៉ែត្រ ប៉ុន្តែត្រូវចងចាំ និងបន្តរក្សាភាពអត់ធ្មត់ ជាជាងដាក់ស៊ុត ក្នុងកន្រ្តកតែមួយ៕


ចែករំលែក