ទីផ្សារ​អចលនទ្រព្យ​អេស្ប៉ាញ​កំពុង​ទាក់​ទាញ​ពលរដ្ឋ​ហុង​កុង​ ដែល​ចាក​ចេញ​ពី​ចក្រ​ភព​អង់​គ្លេស​ និង​កាណាដា​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: គ្រួសារហុងកុងនៅប្រទេសអង់គ្លេស និងកាណាដាកំពុងប្រឈមភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ដោយសារការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ និងការកើនឡើងនៃថ្លៃដើមនៃការរស់នៅ។

ភ្នាក់ងារអចលនទ្រព្យនានាបានអះអាងថា ទិដ្ឋាការមិនរកប្រាក់ចំណេញ (NLV) របស់ប្រទេសអេស្ប៉ាញ ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកចូលនិវត្តន៍ បានក្លាយជាជម្រើសកំពូលមួយរបស់ប្រជាជនហុងកុង ដែលមានគោលបំណងចាកចេញពីប្រទេសអង់គ្លេស និងកាណាដា។

ទិដ្ឋាការនេះអនុញ្ញាតឱ្យពលរដ្ឋដែលមិនមែនជាសមាជិកសហភាពអឺរ៉ុបរស់នៅក្នុងប្រទេសអេស្ប៉ាញបាន ប្រសិនបើពួកគេមានប្រាក់សន្សំគ្រប់គ្រាន់ ឬមានប្រាក់ចំណូលអកម្ម។ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើការទេ។ អ្នកកាន់ទិដ្ឋាការអាចដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពី៥ឆ្នាំ និងសញ្ជាតិបន្ទាប់ពី១០ឆ្នាំ។

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាទូទៅ អ្នកដាក់ពាក្យសុំត្រូវបង្ហាញប្រាក់ចំណូលប្រហែល២.៥០០អឺរ៉ូក្នុងមួយខែ ឬប្រហែល៣០.០០០អឺរ៉ូជាប្រាក់សន្សំ ដោយចំនួនទឹកប្រាក់ខ្ពស់ជាងនេះតម្រូវសម្រាប់គ្រួសារធំៗ។

លោកស្រី Lily Siu-Rambaud នាយិកាគ្រប់គ្រងនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Epic Asia ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ បានអះអាងថា “ប្រទេសអេស្ប៉ាញមិនមែនជាជម្រើសដំបូងសម្រាប់គ្រួសារហុងកុងភាគច្រើន ដែលកំពុងពិចារណាធ្វើចំណាកស្រុកនោះទេ”។

លោកស្រីបានបន្ថែមថា «ឧបសគ្គ​ខាង​ភាសា​ជា​ហេតុផល​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យប្រជាជនហុងកុងភាគច្រើននិយមជ្រើសរើសគោលដៅ​ដូចជា​ចក្រភព​អង់គ្លេស អូស្ត្រាលី ឬ​កាណាដា។ប៉ុន្តែ និន្នាការនេះបានផ្លាស់ប្តូរបន្តិចម្តងៗក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ»៕ប្រភព: SCMP៕


ចែករំលែក