ទីផ្សារ​លំនៅ​ឋាន​របស់​ប្រទេស​ចិន​បន្ត​បង្ហាញ​សញ្ញា​នៃ​ការ​ងើប​ឡើង​វិញ​នៅ​ខែ​ឧសភា​ ខណៈ​តម្លៃ​ផ្ទះ​កើន​ឡើង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា តម្លៃផ្ទះនៅប្រទេសចិនបានបន្តងើបឡើងវិញនៅខែឧសភា បន្ថែមទៅលើកំណើននៅក្នុងខែមីនា និងខែមេសា ខណៈសញ្ញាវិជ្ជមាននៃទីផ្សារអចលនទ្រព្យបានបន្តកើនឡើង។

នៅក្នុងខែឧសភា តម្លៃលំនៅឋានជាមធ្យមដែលទើបសាងសង់ថ្មីនៅទូទាំងទីក្រុងចំនួន១០០ របស់ប្រទេសចិនមានចំនួន១៧.១៥៦យ័ន (ប្រហែល២.៥៣៤ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ កើនឡើង០,១៦ភាគរយធៀបនឹងខែមេសា។

តួលេខនេះបង្ហាញពីការកើនឡើង២,០៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យចិន China Index Academy។

កំណើនខាងលើនេះសម្រេចបាន បន្ទាប់ពីតម្លៃផ្ទះថ្មីនៅក្នុងបណ្តាទីក្រុងលំដាប់ទីមួយបានបង្ហាញពីការកើនឡើងក្នុងអត្រាប្រចាំខែ០,២ភាគរយនៅក្នុងខែមីនា និង ០,១ ភាគរយនៅក្នុងខែមេសា។នេះបើយោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន។

លោក Yan Yuejin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ចិន E-house ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានអះអាងថា “ វិស័យអចលនទ្រព្យហាក់បានឆ្លងផុតការដាំក្បាលចុះដ៏អាក្រក់បំផុត ហើយទំនុកចិត្តទីផ្សារកំពុងមានភាពប្រសើរឡើង”៕ប្រភព: SCMP៕


ចែករំលែក