អន្តរ​ក្រសួង​ពិភាក្សា​លើ​ការ​គ្រប់​គ្រង​លើ​ការ​ប្រើប្រាស់​ដី​ចំណី​ផ្លូវ​នៅ​តាម​បណ្ដាញ​ផ្លូវ​ថ្នល់​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់។

កិច្ចប្រជុំនេះដឹកនាំដោយលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពសហប្រធាន លោកអ៊ឹង សេរីវិសុទ្ធ អនុប្រធាន និងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់និងមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តពិនិត្យ ពិភាក្សា និងកែសម្រួល លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដាញផ្លូវថ្នល់ សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីកំណត់យន្តការ និងវិធានការលើការប្រើប្រាស់ដីចំណីផ្លូវ និងរក្សាបាននូវសុវត្ថិភាពចរា​ចរណ៍ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឧបសគ្គដែលរាំងស្ទះដល់ការអភិវឌ្ឍ និងការថែទាំងផ្លូវ។

អង្គប្រជុំបានសម្រេចលទ្ធផលរួមមាន៖ (១). ឯកភាពកែសម្រួលលើទម្រង់ ខ្លឹមសារ ពាក្យពេចន៍ និងអក្ខរាវិរុទ្ធមួយចំនួននៃសេចក្តីព្រាងអនុក្រឹត្យ និង (២). ឯកភាពបន្តកិច្ចប្រជុំអន្តរក្រសួងចង្អៀតនាពេលក្រោយ តាមការជូនដំណឹងរបស់ទីស្តីគណៈរដ្ឋមន្ត្រី៕


ចែករំលែក