កម្ពុជា​ ជប៉ុន​បង្កើត​ក្រុម​ការងារ​សហ​បង្កើត​ធុរកិច្ច (BCT) ​និង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​

ចែករំលែក

ដោយៈ និស្ស័យ

    ជប៉ុនៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ជប៉ុនបានពិភាក្សាគ្នាលើពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ តាមរយៈយន្តការដែលមានស្រាប់ ទាក់ទងការបង្កើតក្រុមការងារ សហបង្កើតធុរកិច្ច (BCT) និងការអភិវឌ្ឍវិស័យឧស្សាហកម្ម រវាងប្រទេសទាំងពីរ ឱ្យឈានឡើងខ្ពស់ថែមមួយកម្រិតទៀត។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧប​នា​យ​ក​រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូកម្ពុជាបានជួបសម្តែងការគួរសម និងពិភា​ក្សាការងា​រជាមួយ លោកKOMORI Takuo អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI)។

អមដំណើរ លោកឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារជាន់ខ្ពស់នាឱកាសនេះ ក៏មានការចូលរួមពីលោកជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម។

ជំនួបពិភាក្សាការងារទ្វេភាគី ដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយស្ថានទូតជប៉ុន ក្រោមកិច្ចសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ក្នុងគោលបំណងពង្រឹងយន្តការ និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ តាមរយៈយន្តការដែលមានស្រាប់ ដូចជា ការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) និងការអភិវឌ្ឍវិស័យឧស្សាហកម្ម រវាងប្រទេសទាំងពីរ ឱ្យឈានឡើងខ្ពស់ថែមមួយកម្រិតទៀត។

ជំនួបរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងក្រសួងMETI ជប៉ុន នាឱកាសនេះ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំង ពីចំណងដ៏រឹងមាំនៃទំនាក់ទំនងការទូតសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) ដើម្បីធានាបាននូវលំហូរវិនិយោគ ប្រកបដោយគុណភាព សំដៅជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពធន់ វឌ្ឍនភាព និងរីកចម្រើនរុងរឿងប្រកបដោយចីរភាពនាពេលអនាគត។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពី កិច្ចសហប្រតិបត្តិការវិនិយោគ ដែលមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ (១) ការលើកកម្ពស់សកម្មភាពជំរុញការវិនិយោគ (២) ការសម្របសម្រួលកិច្ចការវិនិយោគ និង(៣) ការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-creation Team)៕


ចែករំលែក