ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានសម្ព័ន្ធក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងថា ភាពស្ងប់ស្ងាត់នៃការទិញលក់ដីធ្លី ជាឱកាសល្អសម្រាប់អ្នកវិនិយោគ យកផលចំណេញនៅពេលអនាគត។
អ្នកឧកញ៉ាបានបញ្ជាក់ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១២ មិថុនាថា ស្ថានភាពទីផ្សារដីធ្លីនាពេលនេះ ពិតហើយពិតជាមានភាពស្ងប់ស្ងាត់ ប៉ុន្តែវាជាឱកាសល្អ ដែលអ្នកមានទុនអាចវិនិយោគបាន ព្រោះពួកគេអាចទិញបានតម្លៃល្អ និងមានជម្រើសល្អច្រើនជាងមុន។
អ្នកឧកញ៉ាបានបញ្ជាក់ថា “នៅពេលមនុស្សភាគច្រើនបារម្ភ វាជាឱកាសសម្រាប់អ្នកវិនិយោគ ក៏ដូចជាការទិញដីជាយក្រុងភ្នំពេញ”។ អ្នកឧកញ៉ាបានបន្ថែមថា “ជាការធម្មតាទេ ដែលដីមានពេលចុះ និងមានពេលឡើងថ្លៃ ហេតុនេះវាជាការល្អ សម្រាប់ទិញយកមកអភិវឌ្ឍន៍ និងយកចំណេញនាពេលអនាគត”។
អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានខិតខំណាស់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងបានដាក់ចេញគោលនយោបាយល្អៗ ជាច្រើន ដើម្បីធ្វើឲ្យបរិយាកាសវិនិយោគ នៅកម្ពុជាមានភាពប្រសើរឡើង។
អ្នកឧកញ៉ាបានបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល គឺស្ពាន ផ្លូវ នឹងធ្វើឲ្យតម្លៃដីធ្លីមានតម្រូវការ មិនសាបសូន្យ និងមានការកើនឡើងនាពេលអនាគត”៕








