ដោយៈ ម៉ាណា
សៀមរាបៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ។
ក្នុងដំណើរកម្សាន្តនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជួបជជែកលេងជាមួយបងប្អូន តំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធ ជាមួយនឹងការបែងចែកភាគលាភ នៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។
ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាល ដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាម នៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈ ឡើងថ្លៃ រាជរដ្ឋាភិបាល បានសម្រេចឱ្យដំឡើងភាគលាភ សម្រាប់ផ្តល់ជូនដល់សហគមន៍ អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយ លោកអគ្គនាយកនៃគ្រឹះស្ថានអង្គរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភ នៃចំណូលពីសេវាទេសចរណ៍នៅដដែល សម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខ តម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
អ្វីជាការស្នើសុំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីគឺ សូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបន្ថែមទៀត មកទស្សនានៅទីនោះ៕







