មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​ប្រទេស​ឡាវ​បាន​វាយ​ប្រហារ​ថៃ​ថា​ជា​អ្នក​ឈ្លាន​ពាន​កម្ពុជា​

ចែករំលែក

ដោយៈ ម៉ាណា

    វៀងច័ន្ទ៍ៈ មន្រ្តីកាទូតជាន់ខ្ពស់ប្រទេសឡាវ បានវាយប្រហារប្រ​ទេសថៃជាប្រទេសដែលចូលចិត្តឈ្លានពាន និងរំលោភបំពានលើប្រទេសជិតខាងដូចជាកម្ពុជាដោយអយុត្តិធម៌។

លើសពីនេះ លោកបានវាយប្រហារ ទៅលើប្រព័ន្ធអប់រំរបស់ថៃថាមានការអភិវឌ្ឍន៍តិចតួច និងបានរិះគន់ការគ្រប់គ្រងរបស់ថៃថាគ្មានលទ្ធិប្រជាធិបតេយ្យ។

យោងតាមការបង្ហោះរបស់លោកខាំ ភូរិ និងត្រូវបានបានចែករំលែកដោយលោកខៀវ កាញ្ញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានលើកឡើងថា នេះគឺជាការបកប្រែអត្ថបទទាំងស្រុងទៅជាភាសាខ្មែរ គំនិតជាតិនិយមបែបចង្អៀតចង្អល់ (Narrow Nationalism ឬ Ultra-nationalism ឬហៅឱ្យឆ្ងាយជាងនេះគឺ Chauvinism) សំដៅលើការស្រឡាញ់ជាតិ ដែលខ្លាំងហួសព្រំដែន រហូតក្លាយជាការលើកតម្កើងជាតិខ្លួនឯង និងមើលងាយជាតិដទៃ ឬក្រុមមនុស្សដែលមានភាពខុសគ្នា។

ចំពោះនៅក្នុងប្រទេសថៃ គំនិតនេះបានបង្កើតផលប៉ះពាល់អវិជ្ជមានជាច្រើន ទាំងក្នុងកម្រិតផ្ទៃក្នុង និងរវាងប្រទេសដូចជា ទី១ជម្លោះជាមួយប្រទេសជិតខាង៖ គំនិតជាតិនិយមចង្អៀតចង្អល់ តែងតែត្រូវបានលើកយកមកប្រើ តាមរយៈប្រវត្តិសាស្ត្រដែលបំភ្លៃ ដែលធ្វើឱ្យកើតមានអារម្មណ៍ជាសត្រូវជាមួយប្រទេសជិតខាង (ឧទាហរណ៍៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា)។

ឧទាហរណ៍ដែលឃើញបានច្បាស់គឺ ករណីវិវាទប្រាសាទព្រះវិហារជាមួយកម្ពុជា ដែលគំនិតនេះ បានបង្កើតឱ្យមានភាពស្អប់ខ្ពើម ការប៉ះទង្គិចតាមព្រំដែន និងជះឥទ្ធិពលដល់ទំនាក់ទំនងការទូត។

ទី២. ការបែងចែក និងភាពខុសគ្នានៅក្នុងប្រទេស៖ ការកំណត់និយមន័យនៃលទ្ធិ “ថៃថៃ” (Pan-Thaism) បែបចង្អៀតចង្អល់ បានធ្វើឱ្យក្រុមជនជាតិដទៃទៀត ឬអ្នកដែលមានវប្បធម៌-សាសនាខុសគ្នា (ឧទាហរណ៍៖ ប្រជាជនមូស្លីមនៅភាគខាងត្បូង ឬជនជាតិភាគតិចនៅភាគខាងជើង) ត្រូវបានមើលឃើញថាជា “ជនក្រៅ” ឬមិនមែនជាជនជាតិថៃពិតប្រាកដ។

រឿងនេះបង្កឱ្យមានបាតុភូតនៃការអនុវត្តស្តង់ដារពីរ (Double Standards) ការរើសអើង (Selective treatment) ភាពមិនស្មើគ្នា ហើយគឺជាឫសគល់មួយ នៃបញ្ហាមិនស្ងប់សុខនៅក្នុងប្រទេស។ ទី៣. ជាឧបករណ៍នយោបាយក្នុងការបង្ក្រាបអ្នកដទៃ៖ ញឹកញាប់ណាស់ដែលគំនិតជាតិនិយម ត្រូវបានប្រើប្រាស់ដោយក្រុមនយោបាយ ឬអ្នកមានអំណាច ដើម្បីវាយប្រហារភាគីម្ខាងទៀត។ អ្នកដែលទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឬចង់បានការផ្លាស់ប្តូរ តែងតែត្រូវបានចោទប្រកាន់ថាជា “អ្នកប្រឆាំងជាតិខ្លួនឯង” ឬជាការគំរាមកំហែងដល់សន្តិសុខជាតិ ដែលនាំទៅដល់ការលុបបំបាត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

ទី៤. ផលប៉ះពាល់លើសេដ្ឋកិច្ច និងទេសចរណ៍៖ នៅពេលដែលមានកម្លាំងជាតិនិយមជ្រុល ដែលនាំទៅដល់ការប្រឆាំង ឬវាយប្រហារលើប្រទេសដទៃ (ទាំងនៅលើពិភពលោកអនឡាញ និងការពិត) វាអាចនាំទៅដល់ការធ្វើពហិការ (Boycott) ទំនិញ ការថយចុះនៃចំនួនភ្ញៀវទេសចរពីប្រទេសនោះៗ និងប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែន។

តើនៅចាំទេថា មានអ្នកលេងបណ្ដាញសង្គមជនជាតិថៃមួយចំនួនបានចេញមុខមកថ្កោលទោស “អស់សេចក្ដីថ្លៃថ្នូរ” ដោយអះអាងថាជនជាតិចិន មកដើរលេងនៅថៃ មិនបានចំណាយលុយមួយបាតសោះ។ មកដល់ពេលនេះ នៅពេលដែលភ្ញៀវទេសចរចិនមិនមកលេងថៃ តើអ្នកណាជាអ្នកទទួលរងគ្រោះ?។

ទី៥. ការរឹតត្បិត ការរៀនសូត្រ និងភាពចម្រុះនៃវប្បធម៌៖ គំនិតនេះ បង្កើតឱ្យមានការជាប់ជំពាក់នឹងអតីតកាល និងជំនឿចាស់ៗ ដោយបដិសេធ មិនព្រមទទួលយកការពិតខាងប្រវត្តិសាស្ត្រ។ រឿងនេះធ្វើឱ្យការអប់រំ និងសង្គមខ្វះការត្រិះរិះពិចារណា (Critical thinking) ហើយពិបាកនឹងបន្សាំខ្លួនទៅនឹងពិភពលោក ក្នុងយុគសម័យសកលភាវូបនីយកម្ម ដែលទាមទារនូវភាពបើកទូលាយ។

សរុបមក ការស្រឡាញ់ជាតិគឺជារឿងល្អ ប៉ុន្តែនៅពេលដែលវាប្រែទៅជាលទ្ធិជាតិនិយមបែបចង្អៀតចង្អល់ វានឹងប្រែពីការបង្កើតសាមគ្គីភាព មកជាការសាងជញ្ជាំងនៃភាពស្អប់ខ្ពើម ទាំងចំពោះមនុស្សក្នុងជាតិជាមួយគ្នា ដែលមានគំនិតខុសគ្នា និងចំពោះមិត្តមនុស្សជាតិនៅក្នុងប្រទេសជិតខាង៕


ចែករំលែក