តម្រូវ​ការ​ការិយាល័យ​លំដាប់​ខ្ពស់​នៅ​ទីក្រុង​ហុងកុង​កំពុង​ចាប់​ផ្តើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា អត្រាការិយាល័យ​ទំនេរ​​លំដាប់​ខ្ពស់​សរុប​របស់​ទីក្រុង​ហុងកុង​បាន​ធ្លាក់ចុះ​មក​ត្រឹម​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៧​ខែ​កាលពីខែឧសភា ខណៈតម្រូវការ​បានរាលដាលចេញពីតំបន់ Central។

ខណៈអត្រា​ការិយាល័យ​ទំនេរ​កម្រិត A របស់​តំបន់ Central រក្សា​បាន​ស្ថិរភាព​នៅ​ត្រឹម៩,២ភាគរយ អ្នកជួល​ហាក់​បាន​ងាកទៅ​កាន់តំបន់ផ្សេងៗ ដូចជា Wan Chai និង Causeway Bay។

អត្រាការិយាល័យ​ទំនេរ​នៅ​តំបន់ទាំងនេះ​បាន​ធ្លាក់​ចុះ​មក​ត្រឹម៩,៨ភាគរយ​ក្នុង​ខែ​ឧសភា ពី១០,៤ភាគរយ​ក្នុង​ខែ​មេសា ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល១០ខែ។

លោក Sam Gourlay ប្រធានផ្នែកប្រឹក្សាយោបល់ជួលការិយាល័យនៅក្រុមហ៊ុន JLL ក្នុងទីក្រុងហុងកុងបានអះអាងថា «យើងកំពុងចាប់ផ្តើមសង្កេតឃើញការរាលដាលនៃតម្រូវការ ខណៈអត្រាគ្របដណ្តប់ការជួលការិយាល័យលំដាប់ខ្ពស់នៅតំបន់ Central ខិតជិតដល់កម្រិតពេញលេញ»។

លោកបានបន្តថា ការណ៍នេះបានជួយជំរុញអត្រាការិយាល័យទំនេរសរុបឱ្យធ្លាក់ចុះមកនៅត្រឹម១៣,៣ភាគរយគិតត្រឹមចុងខែឧសភា ទោះបីជាអ្នកជួលទំនងជានៅតែផ្តោតលើអគារថ្មីៗ ឬមានគុណភាពខ្ពស់យ៉ាងណាក្តី៕ប្រភព: SCMP៕


ចែករំលែក