ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា អត្រាការិយាល័យទំនេរលំដាប់ខ្ពស់សរុបរបស់ទីក្រុងហុងកុងបានធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល៧ខែកាលពីខែឧសភា ខណៈតម្រូវការបានរាលដាលចេញពីតំបន់ Central។
ខណៈអត្រាការិយាល័យទំនេរកម្រិត A របស់តំបន់ Central រក្សាបានស្ថិរភាពនៅត្រឹម៩,២ភាគរយ អ្នកជួលហាក់បានងាកទៅកាន់តំបន់ផ្សេងៗ ដូចជា Wan Chai និង Causeway Bay។
អត្រាការិយាល័យទំនេរនៅតំបន់ទាំងនេះបានធ្លាក់ចុះមកត្រឹម៩,៨ភាគរយក្នុងខែឧសភា ពី១០,៤ភាគរយក្នុងខែមេសា ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១០ខែ។
លោក Sam Gourlay ប្រធានផ្នែកប្រឹក្សាយោបល់ជួលការិយាល័យនៅក្រុមហ៊ុន JLL ក្នុងទីក្រុងហុងកុងបានអះអាងថា «យើងកំពុងចាប់ផ្តើមសង្កេតឃើញការរាលដាលនៃតម្រូវការ ខណៈអត្រាគ្របដណ្តប់ការជួលការិយាល័យលំដាប់ខ្ពស់នៅតំបន់ Central ខិតជិតដល់កម្រិតពេញលេញ»។
លោកបានបន្តថា ការណ៍នេះបានជួយជំរុញអត្រាការិយាល័យទំនេរសរុបឱ្យធ្លាក់ចុះមកនៅត្រឹម១៣,៣ភាគរយគិតត្រឹមចុងខែឧសភា ទោះបីជាអ្នកជួលទំនងជានៅតែផ្តោតលើអគារថ្មីៗ ឬមានគុណភាពខ្ពស់យ៉ាងណាក្តី៕ប្រភព: SCMP៕





