ការ​ដំឡើង​ថ្លៃ​​សេវា​ទិដ្ឋាការ​​ទេសចរណ៍ ​និង​​​អត្រា​ការប្រាក់​​របស់​​ប្រទេស​​ជប៉ុន​រំពឹង​ជះ​ផល​ប៉ះពាល់​​ដល់​​ទីផ្សារ​​អចលនទ្រព្យ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមភ្នាក់ងារអចលនទ្រព្យ និងអ្នកវិភាគ ការដំឡើងថ្លៃសេវាទិដ្ឋាការទេសចរណ៍របស់ប្រទេសជប៉ុនចាប់ពីខែកក្កដា និងការកើនឡើងអត្រាការប្រាក់ ត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់វិនិយោគិនអចលនទ្រព្យបរទេស ទាំងដោយផ្ទាល់ និងដោយប្រយោល។

ក្រុមអ្នកវិភាគអះអាងថា ក្តីបារម្ភធំស្ថិតនៅត្រង់ការកើនឡើងនៃអត្រាការប្រាក់។ ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់គោលដល់១ភាគរយនៅថ្ងៃទី១៦ ខែមិថុនា ដោយអាចបង្កើនបន្ថែមទៀតនៅឆ្នាំនេះ ខណៈអតិផរណានៅតែមានកម្រិតខ្ពស់។

អត្រាការប្រាក់ខ្ពស់កាត់បន្ថយគម្លាតរវាង
ផលចំណេញពីការវិនិយោគអចលនទ្រព្យ និងថ្លៃដើមហិរញ្ញប្បទាន (financing costs) ដែលធ្វើឱ្យការវិនិយោគលើអចលនទ្រព្យមិនសូវមានភាពទាក់ទាញ។

ជាមួយគ្នានេះ ជប៉ុនបានរឹតបន្តឹងការត្រួតពិនិត្យការទិញអចលនទ្រព្យពីជនបរទេស។ វិធានការថ្មីៗរួមមាន ការចុះឈ្មោះសញ្ជាតិជាកាតព្វកិច្ចក្នុងអំឡុងពេលផ្ទេរអចលនទ្រព្យ ការត្រួតពិនិត្យអត្តសញ្ញាណកាន់តែតឹងរ៉ឹង និងការបង្ហាញព័ត៌មានកាន់តែច្រើនអំពីភាពជាម្ចាស់កម្មសិទ្ធិ។

ក្រុមអ្នកវិភាគលើកឡើងថា ច្បាប់ទាំងនេះធ្វើឱ្យការទិញអចលនទ្រព្យកាន់តែមានភាពស្មុគស្មាញ ប៉ុន្តែមិនរារាំងការវិនិយោគពីបរទេសនោះទេ។

ចាប់ពីថ្ងៃទី១ ខែកក្កដា ជប៉ុនក៏នឹងដំឡើងថ្លៃទិដ្ឋាការសម្រាប់អ្នកទេសចរមកពីប្រទេសចំនួន១០០ ផងដែរ រួមទាំងប្រទេសចិន ឥណ្ឌា និងវៀតណាម។ ទិដ្ឋាការចូលម្តងនឹងត្រូវចំណាយអស់១៥.០០០យ៉េន កើនឡើងពី៣.០០០យ៉េន ខណៈដែលទិដ្ឋាការចូលច្រើនដងនឹងកើនឡើងដល់៣០.០០០យ៉េន ពី៦.០០០យ៉េន៕ប្រភព: SCMP៕


ចែករំលែក