ដោយៈ ចំណាន
ភ្នំពេញៈ បន្ទាប់ពីចំណាយពេល២៥ឆ្នាំ លើវិស័យអចលនទ្រព្យ នៅទីបំផុត លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានក្រុមប្រឹក្សាបុរីវិមាន សំណាង បានសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការនាំយកបុរីចូលផ្សារហ៊ុន ជាលើកដំបូងនៅកម្ពុជា។
បុរីវិមាន សំណាងជាបុរីទី១ ដែលបានឈានទៅចូលផ្សារហ៊ុននៅកម្ពុជា ជាមួយនឹងល្បឿននៃការអភិវឌ្ឍប្រកបដោយគុណតម្លៃ និងទទួលបានការគាំទ្រពីអតិថិជន ជាមួយនឹងទំនុកចិត្តខ្ពស់។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានក្រុមប្រឹក្សាភិបាលបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបើកលក់ហ៊ុនIPOជាលើកដំបូងនាព្រឹកថ្ងៃទី២ កក្កដានេះថា លោកបានឈរជើងក្នុងវិស័យនេះ អស់រយៈពេល២៥ឆ្នាំ ជាមួយនឹងការផ្តោតលើការកសាងទំនុកចិត្ត និងអភិវឌ្ឍន៍លំនៅដ្ឋាន ប្រកបដោយគុណតម្លៃសម្រាប់អតិថិជន និងអ្នកវិនិយោគជាតិ អន្តរជាតិ។
លោកឧកញ៉ាបានបន្ថែមថា “បន្ទាប់ពីផែនការ២៥ឆ្នាំ ខ្ញុំកំពុងឆ្ពោះទៅកាន់ផែនការ៣០ឆ្នាំខាងមុខ ជាមួយនឹងការសាងសង់ខុនដូ លំនៅដ្ខាន សាលារៀន ផ្សារ កន្លែងលេងកីឡាទូទាំងប្រទេស”។ លោកបន្ថែមថា “បច្ចុប្បន្នបុរីវិមានសំណាង មានតម្លៃលើទីផ្សារ១០០លានដុល្លារ ហើយយើងនឹងប្រែក្លាយក្រុមហ៊ុននេះ មានតម្លៃ១០០០លានដុល្លារសម្រាប់៣០ឆ្ឆនាំខាងមុខ ជាមួយការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ក្នុងផែនការរយៈពេល៣០ឆ្នាំទៅមុខ ក្រុមហ៊ុននឹងរៀបចំបង្កើតឲ្យមានធនាគារមួយ សម្រាប់កម្ពុជាផងដែរ។
ជាមួយគ្នានេះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកផ្សារហ៊ុនកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ ផ្សារហ៊ុនកម្ពុជាមានក្រុមហ៊ុនចំនួន២៧ បានបោះផ្សាយលក់ភាគហ៊ុន និងប័ណ្ណបំណុល ហើយក្រុមហ៊ុនបុរីវិមាន សំណាងជាក្រុមហ៊ុនទី២៨ ដែលបានឈានជើងចូលទីផ្សារនេះ។
លោកបន្តថា “ការចូលទីផ្សាររបស់បុរីវិមាន សំណាង ធ្វើឡើងស្របពេលដែលទីផ្សារហ៊ុន កំពុងមានចំនួនគណនីជួញដូរ កើនឡើង ហើយគណនីជួញដូរបានកើន ដល់ជាង៨០,០០០គណនីរួចហើយ”។

បន្ថែមពីលើនេះ លោកស៊ូ សុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ស្វាគមន៍ក្រុមហ៊ុនបុរីវិមាន សំណាង ដែលបានឈានជើងចូលទីផ្សារនេះ ជាមួយនឹងទំនុកចិត្ត និងឱកាសរីកចម្រើន ស្របពេលចំនួនហ៊ុនដែលប្រមូលបានកើនដល់ជាង៧០០លានដុល្លារ ហើយការចូលរួមរបស់បុរី យើងរំពឹងថា ចំនួនភាភលាបទទួលបាន នឹងកើនដល់១០០០លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំនេះ។
លោកបន្តថា “ដោយសារទំនុកចិត្ត ទំហំជួញដូររបស់ផ្សារបច្ចុប្បន្ន មានអ្នកជួញដូរសកម្មប្រមាណ៥០ម៉ឺនដុល្លារ ហើយពេលបុរី វិមាន សំណាងចូល យើងរំពឹងទំហំជួញដូរកើនដល់១លានដុល្លារ ក្នុងមួយថ្ងៃ”។
បុរីវិមាន សំណាងមានទីតាំង ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ខាងជើងក្រសួងដែនដី២០០០ម៉ែត្រ និងសាងសង់ឡើងលើទំហំផ្ទៃដី២៥ហិកតា ជាបុរីដែលផ្តោតលើការអភិវឌ្ឍន៍ បែបទំនើបស៊ីវិល័យ ជាមួយការផ្សារភ្ជាប់សហគមន៍បៃតង ព្រែកធម្មជាតិ មានផ្ទះសាងសង់ឡើងដោយឥដ្ឋ២០ ក្នុងរចនាបទបែបសហសម័យ៕









