កម្ពុជា ឡាវពិភាក្សាពីការតភ្ជាប់ផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញផ្លូវទឹករវាងប្រទេសទាំងពីរ

ចែករំលែក

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានពិភាក្សាជាមួយភាំគីឡាវ លើប្រព័ន្ធភស្តុភារកម្ម លើការជម្រុញការតភ្ជាប់បណ្តាញផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញផ្លូវទឹករវាងប្រទេសទាំងពីរ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Sonexay Vannaxay ឯកអគ្គរ​ដ្ឋទូតឡាវ ដែលទើបទទួលបានការតែងតាំងថ្មីប្រចាំកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ​ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងទេសចរណ៍។

ជាកិច្ចចាប់ផ្តើម លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា កម្ពុជា និងឡាវ ជាអ្នកជិតខាងល្អដែលមានប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ តែងតែត្រូវបានថែរក្សា និងលើកកម្ពស់ជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿចិត្តថា អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ និងជាកាតាលីករក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែមានភាពស្អិតរមួត និងឈានឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀត។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានធ្វើការកត់សម្គាល់ដោយក្តីកោតសរសើរ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច -សង្គមរបស់កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល។ ជាក់ស្តែង ឯកឧត្តមបានលើកឡើង នូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការរីកចម្រើន នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបណ្តាញផ្លូវថ្នល់ខ្វាត់ខ្វែង ដោយលោកបានចែករំលែក នូវបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងរីករាយ ក្នុងការបើកបររថយន្តដោយផ្ទាល់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង និងបន្តដំណើរទៅកាន់ទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។

តាមរយៈការធ្វើដំណើរផ្ទាល់នេះ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះគុណភាពផ្លូវថ្នល់ ភាពងាយស្រួល សុវត្ថិភាព និងការតភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងរាជធានី និងបណ្តាខេត្តនានា ដែលនេះគឺជាសក្ខីកម្មដ៏រស់រវើកឆ្លុះបញ្ចាំង ពីសមិទ្ធផលពិតប្រាកដ ក្នុងការអភិ​វឌ្ឍជាតិ។

នៅក្នុងជំនួបនារសៀលនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោក ឯកអគ្គរដ្ឋទូត បានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងគំនិតយោបល់គន្លឹះសំខាន់ៗ ដែលមានខ្លឹមសារជាអាទិ៍ដូចខាងក្រោម៖ ១. ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម៖ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមក្នុងការពិនិត្យលទ្ធភាពជំរុញ និងពន្លឿនការតភ្ជាប់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញផ្លូវទឹក ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដោយបានសង្កត់ធ្ងន់លើការសម្របសម្រួល និងការធ្វើសាមញ្ញកម្ម នៃនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមភស្តុភារកម្ម ដែលជាកត្តាជំរុញដ៏មានឥទ្ធិពលដល់លំហូរពាណិជ្ជកម្មទ្វេភាគី វិស័យទេសចរណ៍ និងការធ្វើដំណើរទៅមកដោយរលូនរបស់ប្រជាជននៃប្រទេសទាំងពីរ។

២. ការលើកកម្ពស់ទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី៖ ភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងផ្តល់តម្លៃខ្ពស់លើការស្វែងរកកិច្ចសហការរួមគ្នា ដើម្បីបើកទំព័រថ្មីមួយទៀត ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងលំហូរវិនិយោគទ្វេភាគី ឱ្យស្របតាមសក្តានុពលជាក់ស្តែងនៃប្រទេសទាំងពីរ។

ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួម ក្នុងការបង្កលក្ខណៈងាយស្រួលដល់ធុរជន វិនិយោគិន និងសហគ្រាសនៃប្រទេសទាំងពីរ ក្នុងការស្វែងរកឱកាសវិនិយោគ បង្កើតដៃគូយុទ្ធសាស្ត្រ និងការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច។

៣. ការអភិវឌ្ឍលើវិស័យថាមពល៖ ភាគីទាំងពីរបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិស័យថាម​ពល ដើម្បីធានាបាននូវសន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ដោយបានពិភាក្សាលើគម្រោងតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ដែលជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ក្នុងការរួមចំណែកធ្វើសមាហរណកម្មថាមពល និងការបែងចែកប្រភពថាមពលកកើតឡើងវិញ (Renewable Energy)ឱ្យកាន់តែមានប្រសិទ្ធភាព៕


ចែករំលែក