ដោយ: សហសេវិក
អន្តរជាតិ: អត្រាទំនេរការិយាល័យនៅកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានធ្លាក់ចុះក្រោម២ភាគរយជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ដែលបង្ហាញថាតម្រូវការការិយាល័យមានភាពរឹងមាំខ្លាំង។
យោងតាមសារព័ត៌មាន Nikkei Asia បានរាយការណ៍ថា បណ្តាក្រុមហ៊ុនជាច្រើនកំពុងផ្លាស់ការិយាល័យទៅកាន់ទីក្រុងតូក្យូ ដើម្បីទាក់ទាញបុគ្គលិក និងកំពុងពង្រីកទំហំការិយាល័យរបស់ពួកគេ។
នៅក្នុងខែមិថុនា អត្រាការិយាល័យទំនេរនៅក្នុងសង្កាត់ទាំង៥ នៅកណ្តាលទីក្រុងតូក្យូ (Chiyoda Chuo Minato Shinjuku និង Shibuya) បានធ្លាក់ចុះមកត្រឹម១,៩៩ភាគរយ បើធៀបនឹង២,០៧ភាគរយនៅក្នុងខែឧសភា។ នេះជាការធ្លាក់ចុះប្រចាំខែលើកទី៣ជាប់ៗគ្នា និងជាកម្រិតទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២០។
អត្រាការិយាល័យទំនេរប្រហែល៥ភាគរយ ត្រូវបានចាត់ទុកថា ជាទីផ្សារដែលមានតុល្យភាព។ ចំណែក អត្រាក្រោម២ភាគរយ បង្ហាញពីកង្វះខាតយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ការិយាល័យ។
មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ តម្រូវការការិយាល័យមានភាពរឹងមាំ ហើយអត្រាការិយាល័យទំនេរបានថយចុះដល់ ១,៤៩% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងអំឡុងពេលមានជំងឺរាតត្បាត អត្រានេះបានកើនឡើងលើសពី ៦% ដោយសារក្រុមហ៊ុននានាបានកាត់បន្ថយការជួលការិយាល័យ និងការធ្វើការងារពីចម្ងាយ ហើយអគារការិយាល័យថ្មីជាច្រើនត្រូវបានបញ្ចប់ការសាងសង់។
ចាប់តាំងពីជំងឺរាតត្បាតបានបញ្ចប់ តម្រូវការការិយាល័យបានងើបឡើងវិញ នៅពេលដែលនិយោជិតបានសម្រេចវិលត្រឡប់មកបំពេញការងារនៅការិយាល័យវិញ ហើយក្រុមហ៊ុនជាច្រើនបានពង្រីកជំនួញរបស់ខ្លួន។
នៅក្នុងខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនជាច្រើនបានជួលការិយាល័យបន្ថែមនៅក្នុងអគារដែលពួកគេកំពុងជួលស្រាប់ ឬបើកការិយាល័យថ្មីបន្ថែមនៅក្បែរនោះ ជាពិសេសនៅក្នុងសង្កាត់ Minato៕ប្រភព: Nikkei Asia៕







