អត្រា​ទំនេរ​ការិយាល័យ​នៅ​កណ្តាល​ទីក្រុង​តូក្យូ​ធ្លាក់​ចុះ​ក្រោម២ភាគរយជា​លើក​ដំបូង​ក្នុង​រយៈពេល​៦​ឆ្នាំ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: អត្រា​ទំនេរ​ការិយាល័យ​នៅ​កណ្តាល​ទីក្រុង​តូក្យូរបស់ប្រទេសជប៉ុន​បាន​ធ្លាក់​ចុះ​ក្រោម២ភាគរយជា​លើក​ដំបូង​ក្នុង​រយៈពេល​៦​ឆ្នាំ ដែល​បង្ហាញ​ថា​តម្រូវការ​ការិយាល័យ​មាន​ភាពរឹងមាំ​ខ្លាំង​។

យោងតាមសារព័ត៌មាន Nikkei Asia បានរាយការណ៍ថា បណ្តាក្រុមហ៊ុនជាច្រើនកំពុងផ្លាស់ការិយាល័យទៅកាន់ទីក្រុងតូក្យូ ដើម្បីទាក់ទាញបុគ្គលិក និងកំពុងពង្រីកទំហំការិយាល័យរបស់ពួកគេ។

នៅក្នុងខែមិថុនា អត្រា​ការិយាល័យ​ទំនេរ​នៅក្នុង​សង្កាត់​​ទាំង៥ នៅកណ្តាលទីក្រុង​តូក្យូ (Chiyoda Chuo Minato Shinjuku និង Shibuya) បានធ្លាក់ចុះមកត្រឹម១,៩៩ភាគរយ បើធៀបនឹង២,០៧ភាគរយនៅក្នុងខែឧសភា។ នេះជាការធ្លាក់ចុះប្រចាំខែលើកទី៣ជាប់ៗគ្នា និងជាកម្រិតទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២០។

អត្រាការិយាល័យ​ទំនេរ​ប្រហែល៥ភាគរយ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ទីផ្សារ​ដែល​មាន​តុល្យភាព។ ចំណែក អត្រា​ក្រោម២ភាគរយ បង្ហាញ​ពី​កង្វះ​ខាត​យ៉ាង​ខ្លាំង​នៃ​ការផ្គត់ផ្គង់ការិយាល័យ​។

មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ តម្រូវការការិយាល័យមានភាពរឹងមាំ ហើយអត្រាការិយាល័យទំនេរបានថយចុះដល់ ១,៤៩% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងអំឡុងពេលមានជំងឺរាតត្បាត អត្រានេះបានកើនឡើងលើសពី ៦% ដោយសារក្រុមហ៊ុននានាបានកាត់បន្ថយការជួលការិយាល័យ និងការធ្វើការងារពីចម្ងាយ ហើយអគារការិយាល័យថ្មីជាច្រើនត្រូវបានបញ្ចប់ការសាងសង់។

ចាប់តាំងពីជំងឺរាតត្បាតបានបញ្ចប់ តម្រូវការការិយាល័យបានងើបឡើងវិញ នៅពេលដែលនិយោជិតបានសម្រេចវិលត្រឡប់មកបំពេញការងារនៅការិយាល័យវិញ ហើយក្រុមហ៊ុនជាច្រើនបានពង្រីកជំនួញរបស់ខ្លួន។

នៅក្នុងខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនជាច្រើនបានជួលការិយាល័យបន្ថែមនៅក្នុងអគារដែលពួកគេកំពុងជួលស្រាប់ ឬបើកការិយាល័យថ្មីបន្ថែមនៅក្បែរនោះ ជាពិសេសនៅក្នុងសង្កាត់ Minato៕ប្រភព: Nikkei Asia៕

 


ចែករំលែក