បញ្ហា​ប្រឈម​មួយ​ចំនួន​ធ្វើ​ឲ្យ​កម្ពុជា​អាច​មិន​សម្រេច​បានគោល​ដៅ​​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សេដ្ឋវិទូជាច្រើនយល់ស្របថា ប្រទេសកម្ពុជានៅតែមានចំណុចខ្សោយខាងរចនាសម្ព័ន្ធនៅក្នុងវិស័យសំខាន់ៗមួយចំនួន។ ចំណុចខ្សោយទាំងនោះ មិនធ្វើឱ្យវាមិនអាចសម្រេចបាននូវមហិច្ឆតាចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ របស់ខ្លួននោះទេ ប៉ុន្តែវាធ្វើឱ្យវាកាន់តែពិបាកជាងមុន លុះត្រាតែកំណែទម្រង់បង្កើនល្បឿន។

ក្តីបារម្ភចម្បងៗ ដែលកំណត់ដោយអង្គការអន្តរជាតិរួមមានដូចជា

១. ផលិតភាពនៅតែទាបពេក

ធនាគារពិភពលោកនិយាយថា កំណើនរបស់ប្រទេសកម្ពុជាពឹងផ្អែកច្រើនលើការវិនិយោគ និងការពង្រីកកម្លាំងពលកម្ម ជាជាងការកែលម្អផលិតភាព ដែលមិនមាននិរន្តរភាព សម្រាប់កំណើនចំណូលរយៈពេលវែង។

២. ការពឹងផ្អែកយ៉ាងខ្លាំងលើវិស័យមួយចំនួនដូចជា

*ការផលិតសម្លៀកបំពាក់
*ទេសចរណ៍
*សំណង់ និងអចលនទ្រព្យ

* កសិកម្ម

ធនាគារពិភពលោកនិយាយថា សេដ្ឋកិច្ចត្រូវការការធ្វើពិពិធកម្មកាន់តែច្រើន ទៅក្នុងការផលិតដែលមានតម្លៃខ្ពស់ និងសេវាកម្មទំនើប។

៣. ធនធានមនុស្ស និងជំនាញ

ធនាគារពិភពលោកកំណត់អត្តសញ្ញាណការអប់រំ ជំនាញបច្ចេក​ទេស និងផលិតភាពកម្មករ ជាបញ្ហាប្រឈមរយៈពេលវែងដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា។ បើគ្មានធនធានមនុស្សរឹងមាំទេ កំណើនផលិតភាពនឹងនៅតែមានកម្រិត។


៤. បរិយាកាសអាជីវកម្មដ៏រញ៉េរញ៉ៃ

ស្ថាប័នអន្តរជាតិណែនាំ និងបានផ្តល់អនុសាសន៍ទៅកាន់រដ្ឋាភិបាលជារឿយៗ ប៉ុន្តែអ្វីៗសម្រេចបានវឌ្ឍនភាពទតិចបំផុត ជាក់ស្តែងកាលពីសប្តាហ៍មុន មានការបែកធ្លាយព័ត៌មាន គួរឲ្យអស់សំណើចមួយថា ការបើកសិប្បកម្មផលិតសាប៊ូមួយ ត្រូវឆ្លងកាត់ក្រសួងចំ​នួន៩ និងនាយកដ្ឋានរហូតដល់១៤។

លើសពីនេះបញ្ហាមួយចំនួនទៀត ដែលធនាគារពិភពលោកបានផ្តល់អនុសាសន៍រួមមានដូចជា
*ថ្លៃដើមអាជីវកម្មទាបជាង
*ភស្តុភារកម្មកាន់តែប្រសើរ
* ការទទួលបានហិរញ្ញប្បទាន កាន់តែងាយស្រួលសម្រាប់សហគ្រាសធុនតូច និងមធ្យម

* បទប្បញ្ញត្តិដែលអាចព្យាករណ៍បានកាន់តែច្រើន

* អភិបាលកិច្ចកាន់តែរឹងមាំ

កំណែទម្រង់ទាំងនេះត្រូវបានចាត់ទុកថា មានសារៈសំខាន់សម្រាប់ការទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់។

៥. ហានិភ័យវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ

មូលនិធិរូបិយវត្ថុអន្តរជាតិកត់សម្គាល់ថា ភាពងាយរងគ្រោះនៅក្នុងវិស័យហិរញ្ញវត្ថុ កំណើនឥណទានខ្សោយ និងការធ្លាក់ចុះនៃអចល​ន​ទ្រព្យយូរអង្វែង នៅតែជាហានិភ័យអវិជ្ជមានសំខាន់ៗ ចំពោះសេដ្ឋកិច្ចកម្ពុជា។

តើកម្ពុជានៅតែអាចសម្រេចបានគោលដៅឆ្នាំ ២០៣០ របស់ខ្លួនដែរឬទេ?

ការវិភាគកំណើនរយៈពេលវែង របស់ធនាគារពិភពលោកគឺមានការប្រុងប្រយ័ត្ន។

ធនាគារនេះបានសន្និដ្ឋានថា ក្រោមនិន្នាការបច្ចុប្បន្ន កម្ពុជាទំនងជាខកខានគោលដៅ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ លុះត្រាតែផលិតភាព មូលធនមនុស្ស និងកំណែទម្រង់រចនាសម្ព័ន្ធមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

លើសពីនេះ អ្នកវិភាគអន្តរជាតិភាគច្រើនមិននិយាយថា កម្ពុជាមិនអាចទទួលបានជោគជ័យនោះទេ។ ផ្ទុយទៅវិញ ពួកគេអះអាងថា ការសម្រេចគោលដៅឆ្នាំ២០៣០ អាស្រ័យលើការពន្លឿនកំណែទម្រង់នៅក្នុងវិស័យខ្សោយមួយចំនួន៖

* ការអប់រំ និងជំនាញកម្លាំងពលកម្ម

* ការផលិតដែលមានតម្លៃខ្ពស់

* សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យា

* កសិកម្មទំនើប និងការកែច្នៃកសិ-ឧស្សាហកម្ម

* ប្រសិទ្ធភាពភស្តុភារ និងដឹកជញ្ជូន

* អភិបាលកិច្ច និងបរិយាកាសអាជីវកម្ម

* ភាពធន់នៃវិស័យហិរញ្ញវត្ថុ

យោងតាមធនាគារពិភពលោក និងIMF បានលើកឡើងថា បើគ្មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងវិស័យទាំងនេះទេ ការសម្រេចបានឋានៈជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នឹងក្លាយជាបញ្ហាប្រឈមកាន់តែច្រើន។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តន៍សេដ្ឋកិច្ច សង្គមកម្ពុជា ជាង២ទសវត្សរ៍បានលើកឡើងថា និយាយពីការកែទម្រង់លើវិស័យជាច្រើន វាហាក់បីដូចជាឆាប់ពេក នៅពេលរដ្ឋាភិបាលមិនបានត្រៀមខ្លួនធ្វើកិច្ចការទាំងនេះ។

លោកបញ្ជាក់ថា “ស្ថាប័នអន្តរជាតិ បានផ្តល់អនុសាសន៍ច្រើនឆ្នាំមកហើយ ប៉ុន្តែលទ្ធផលសម្រេចបានតិចតួចណាស់ ដោយសារមន្រ្តីខ្វះឆន្ទៈនយោបាយ”។ លោកបន្ថែមថា “ទោះបីមិនសម្រេចបាន តែវាជាមហិច្ឆតាមួយ ដែលបានផ្តល់ជាផែនទីបង្ហាញផ្លូវជាក់លាក់មួយថា កម្ពុជា ពិតជាមានគោលដៅត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យ”៕


ចែករំលែក