ដោយៈ ចំណាន
ភ្នំពេញៈ លោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោង លើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ នៅព្រះរាជាណាចក្រកម្ពុជា។
គម្រោងនេះ ស្ថិតក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជានាយករងគម្រោង លោកប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាអង្គភាពគ្រប់គ្រងគម្រោងផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារផ្នែកលទ្ធកម្ម ហិរញ្ញវត្ថុ សវនកម្មផ្ទៃក្នុង បរិស្ថាននិងសង្គម ដឹកជញ្ជូនលេីសទម្ងន់ និងឡូជីស្ទីក ព្រមទាំងស្វែងរកដំណោះស្រាយលេីបញ្ហាប្រឈម ដើម្បីពន្លឿនការអនុវត្តការងារគម្រោងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាកំណត់។
ក្នុងឱកាសនេះ លោករដ្ឋលេខាធិការ និងជានាយកគម្រោង បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគម្រោង ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារកន្លងមក និងស្នើឱ្យផ្នែកជំនាញនីមួយៗ សហការបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមផែនការកំណត់៕







