ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមប្រឹក្សាស្តង់ដារជាតិ នៃក្រសួងឧស្សាហកម្ម បានអនុម័តស្តង់ដារកម្ពុជាចំនួន៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
ព័ត៌មាននេះត្រូវបានលើកឡើង ដោយក្រុមប្រឹក្សាស្តង់ដារជាតិ ក្នុងកិច្ចប្រជុំដឹកនាំដោយលោកហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។
ក្រសួងបានអនុម័តស្តង់ដារកម្ពុជាចំនួន៤៥ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គាំទ្រការអភិវឌ្ឍឧស្សាហកម្ម សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល និងការការពារអ្នកប្រើប្រាស់។
កិច្ចប្រជុំលើកទី៣៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារអន្តរជាតិ និងស្តង់ដារតំបន់ថ្មីចំនួន៤៣ស្តង់ដារ និងវិសោធនកម្មចំនួន ២ស្តង់ដារ ជាស្តង់ដារកម្ពុជា។ ស្តង់ដារទាំងនេះរួមមាន ស្តង់ដារសហភាពអឺរ៉ុប (Eurocode) ចំនួន ១៣, ស្តង់ដារISO ចំនួន ២៦ ស្តង់ដារIEC ចំនួន៤ និងវិសោធនកម្មស្តង់ដារចំនួន២៕







