ដោយៈ ម៉ាណា
កូរ៉េខាងត្បូងៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយលោក Nayef Al-Fayez អគ្គនាយករង អង្គការយូណេស្កូ ដោយបង្ហាញពីបំណងសំខាន់មួយ។
លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Nayef Al-Fayez អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការ បេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះ លោកដែលត្រូវបានជ្រើសរើស និងផ្តល់សេចក្តីទុកចិត្ត ឱ្យបំពេញការងារយ៉ាងសំខាន់ជា អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងថ្លែងអំណរគុណដល់លោក ដែលបានបញ្ជូនរបាយការណ៍ នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារ នៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។
លោកជំទាវ រដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ ចំពោះគុណភាពរបស់របាយការណ៍ ដែលមានលក្ខណៈបច្ចេកទេស គ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង ដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។
លោកជំទាវរដ្ឋមន្រ្តី ក៏បានជម្រាបជូនអគ្គនាយករង អំពីបំណងរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការ ចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។
លោក Nayef Al-Fayez បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់លោកផ្ទាល់ ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួល ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំងពីរតាមរយៈវប្បធម៌៕







