ដោយៈ ចំណាន
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនបានបង្ហាញការ អបអរសាទរយ៉ាងកក់ក្ដៅ ចំពោះការដាក់ឲ្យដំណើរការជាផ្លូវការនូវ “យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន”។
លោកវ៉ាង វេនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការកាលពីថ្ងៃទី២៣ កក្កដាថា នេះគឺជាវិធានការវិជ្ជមានមួយ ក្នុងការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់ សម្តេចតេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងជួយរឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។
លោកបញ្ជាក់ថា “ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ របស់កម្ពុជារយៈពេល១៤ឆ្នាំជាប់ៗគ្នាមកហើយ”។ លោកបន្ថែមថា “នៅក្នុងឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា បានកើនឡើង២៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។
លោកបន្តថា ផលិតផលកសិកម្ម និងផលិតផលពិសេសៗដែលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើនឡើងៗដូចជា ធុរេន មៀនគៀម និងខ្នុរ ជាដើម ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន។
លោកឯកអគ្គរដ្ឋទូតបានបន្តថា យើងខ្ញុំជឿជាក់ថា យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន នឹងដើរតួនាទីយ៉ាងសកម្មក្នុងទំនាក់ទំនងជាប្រចាំ រវាងសហគ្រាសចិន និងគយកម្ពុជា ដែលនឹងជួយលើកកម្ពស់កម្រិតភាពងាយសម្រួល នៃពាណិជ្ជកម្មបន្ថែមទៀត ព្រមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរីកធំធាត់ និងមានគុណភាពខ្ពស់ឡើង៕






