ដោយៈ ចំណាន
ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ លើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និងដំឡើងយានយន្ត ដឹកនាំកិច្ចប្រជុំពិភាក្សា លើឧស្សាហកម្មយានយន្តក្នុងស្រុក និង ការប្រកួតប្រជែងក្នុងវិស័យយានយន្ត។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគោលនយោបាយ។
កិច្ចពិភាក្សាបានផ្តោតលើទិដ្ឋភាពចំនួន ៣ គឺ ១) ការប្រើប្រាស់យានយន្តអគ្គិសនី និងផលិតកម្មយានយន្តក្នុងស្រុក ២) អនុលោមភាពនៃបទប្បញ្ញត្តិក្នុងវិស័យយានយន្ត និង៣) បរិយាកាសប្រកួតប្រជែងក្នុងវិស័យយានយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញឧស្សាហកម្មយានយន្តក្នុងស្រុក និងការប្រើប្រាស់យានយន្តអគ្គិសនី ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
លោកបញ្ជាក់ថា“ការប្រែប្រួលថ្មីៗនេះ ទាំងក្នុងក្របខណ្ឌសកល តំបន់ និងក្នុងប្រទេស តម្រូវឱ្យកម្ពុជាសិក្សា និងពិនិត្យមើលការអនុវត្តគោលនយោបាយ និងវិធានការនានា ដើម្បីឆ្លើយតបទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបំណងប្រថ្នារបស់ប្រជាជន”។
លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និង អង្គភាពពាក់ព័ន្ធ បន្តសហការជិតស្និទ្ធក្នុងការសិក្សា និងវាយតម្លៃអំពីឧស្សាហកម្មយានយន្ត ដើម្បីពង្រឹងបរិយាកាសវិនិយោគ លើកកម្ពស់ការផលិត និង ការផ្គុំនិងដំឡើងយានយន្តក្នុងស្រុក សំដៅជំរុញការអភិវឌ្ឍវិស័យយានយន្តកម្ពុជា ប្រកបដោយភាពប្រកួតប្រជែង និងចីរភាព៕





