ដោយៈ ម៉ាណា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានស្នើឲ្យម្ចាស់សហគ្រាស អ្នកផលិតក្នុងស្រុក យកចិត្តទុកដាក់ខ្ពស់លើគុណភាពផលិតផលរបស់ខ្លួន។
លោកបានថង្លែងបែបនេះ ក្នុងពេលអនុញ្ញាតជូនគណៈប្រតិភូនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងតំណាងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងនូវមតិយោបល់មួយចំនួន ទៅកាន់អង្គពិភាក្សា ដែលអាចនិយាយបានថា ជាតម្រូវការរួមរបស់សហគ្រិនក្នុងស្រុក សំដៅពង្រឹង និងពង្រីកខ្សែច្រវាក់តម្លៃផលិតកម្មក្នុងស្រុក ក៏ដូចជាសម្រួលដល់កិច្ចការងាររដ្ឋបាល និងបទដ្ឋានគតិយុត្តផ្សេងៗ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានលក្ខណៈអំណោយផលដល់សហគ្រិន។

មតិយោបល់ និងសំណូមពរទាំងនោះ ត្រូវបានទទួលការយកចិត្តទុកដាក់ស្តាប់ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយFASMEC ក្នុងស្មារតីជួយជ្រោមជ្រែង ដើម្បីប្រែក្លាយវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យទៅជាក្បាលម៉ាស៊ីនដ៏មានថាមពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាពនិងបរិយាបន្ន។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ប្រកបដោយមោទនភាព ដែលបានឃើញពីភាពច្នៃប្រឌិត និងភាពសម្បូរបែបនៃផលិតផលខ្មែរ ជាមួយនឹងសមត្ថភាពផលិតកាន់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយបានស្នើឱ្យម្ចាស់សហគ្រាសផលិតទាំងអស់យកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដើម្បីជំនួសការនាំចូល និងឈានទៅនាំចេញនាពេលខាងមុខ៕







