ដោយៈ គង់ សូរិយា
ស្ទឹងត្រែងៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានរំលឹកជាថ្មីនូវវត្ថុបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ត្រីកោណ CLV-DTA គឺដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មិនមែនដើម្បីធ្វើឱ្យបាត់បង់អធិបតេយ្យជាតិនោះទេ។
សម្តេចបញ្ជាក់ថា “បើទោះបីជាកម្ពុជា បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាមកាលពីឆ្នាំ២០២៤ក៏ដោយ”។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅខេត្តស្ទឹងត្រែង សម្តេចធិបតីបានពន្យល់ថា CLV-DTA ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ដោយសារតែបន្ទាប់ពីចប់សង្រ្គាមឆ្នាំ១៩៩៨ ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី គ្មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ដូច្នេះហើយដើម្បីពន្លឿន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភូមិភាគឦសាន្ត ដូចជា ខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគម្រោងនេះឡើង ដោយ គម្រោងនេះបានរួមបញ្ចូលខេត្តចំនួន១៣ ក្នុងនោះកម្ពុជាមាន៤ខេត្ត វៀតណាម៥ខេត្ត និងឡាវ៤ ខេត្ត ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍តំបន់នេះ ហើយផែនការមេនេះ ត្រូវបានអ្នកជំនាញការមកពីជប៉ុនផងដែរ។
សម្តេចបវរធិបតីបានបន្ថែមថា អ្នកជំនាញការជប៉ុនបានសម្តែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ នៅឆ្នាំ២០២៤ ដោយសារតែគម្រោងនេះមានប្រយោជន៍ ក្នុងការបង្កើនសហថាមពលរវាងប្រទេសទាំងបី។
យ៉ាងនេះក្តីសម្តេចបវរធិបតី មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលមើលឃើញពីប្រយោជន៍នៃCLV-DTAក៏ដោយ ក៏រដ្ឋាបាលកម្ពុជាបានសម្រេចចិត្តដកខ្លួន ដើម្បីជៀសវាងការមិនអស់ចិត្ត ពីប្រជាពល រដ្ឋ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនៅតែបន្ត ហើយការអភិវឌ្ឍន៍តំបន់នេះ នៅតែជាគោលការណ៍អាទិភាពរបស់រដ្ឋាភិបាល ដោយមិនប៉ះពាល់ដល់អធិបតេយ្យជាតិឡើយ។
សម្តេចបវរធិបតីបានបញ្ជាក់ទៀតថា“អ្វីដែលសំខាន់គឺការអភិវឌ្ឍន៍របស់យើង បើទោះបីជាមាន ឬមិនមានCLV-DTA ឬក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយ ប៉ុន្តែយើងមាន មិនមែនបាត់អធិបតេយ្យទេ”។សម្តេចបានបន្ថែមថា “ប៉ុន្តែខ្ញុំនិយាយថា ទោះបីជាមានឬមិនមាន(CLV-DTA) ក៏ដោយ ការអភិវឌ្ឍន៍តំបន់នេះ ក៏ស្ថិតនៅក្នុងគោលការអទិភាពរបស់រដ្ឋាភិបាលដែរ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បន្ទាប់ពីអនុវត្តន៍បានរយៈពេល២៥ឆ្នាំ។
តាមសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកផ្តួចផ្តើមគំនិត បង្កើតកិច្ចសហប្រតិបត្តិការCLV-DTAនេះ បានពន្យល់ថា មូលហេតុដែលនាំឱ្យកម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA គឺព្រោះតែកាលពីពេលកន្លងទៅនេះ ក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTAនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរ ចំពោះប្រជាជន ដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយថែមទាំងបានប្រើរឿងនេះ ញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ៕







