សភាពាណិជ្ជកម្មកម្ពុជា​នៅ​ក្រៅ​ប្រទេស​ចំនួន​៨​ការិយាល័យ​ហើយ​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ាគិត ម៉េងបាននិងកំពូងពង្រីកការិយាល័យ នៅក្រៅប្រទេសកើនឡើង និងត្រៀមពង្រីកសាខាតំណាងនៅទូទាំងរាជធានី ខេត្តទូទាំងប្រទេសនាពេលខាងមុខ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាព និងប្រតិបត្តិការរបស់ ចំណតផែកុងតឺន័រ LM១៧ នៃកំពង់ផែស្វយ័តភ្នំពេញ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ាប្រធាន និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកម៉ម រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តភ្នំពេញ និងជាទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃកំពង់ផែស្វយ័តភ្នំពេញ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព សមត្ថភាព និងសក្តានុពលរបស់កំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងតួនាទីដ៏សំខាន់របស់កំពង់ផែ ក្នុងការគាំទ្រដល់ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជាក៏បានស្វែងយល់បន្ថែមអំពីឱកាសនានា ក្នុងការពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានបានលើកឡើងអំពីតួនាទី និងបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការគាំទ្រ និងតំណាងឱ្យវិស័យឯកជន។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា មាននៅតាមបណ្តាខេត្តនានា ព្រមទាំងបានពង្រឹង និងពង្រីកបណ្តាញអន្តរជាតិ តាមរយៈបង្កើតការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ចំនួន៨ការិយាល័យ រួមមាន៖ ប្រទេសជប៉ុន (តំបន់សេនដាយ) ប្រទេសកាណាដា (ទីក្រុងតូរ៉ុនតូ និងទីក្រុងម៉ុងរ៉េអាល់) សហរដ្ឋអាមេរិក (រដ្ឋកាលីហ្វ័រញ៉ា) ប្រទេសអូស្ត្រាលី (ទីក្រុងមែលប៊ន, ទីក្រុងស៊ីដនី និងទីក្រុងអាដេឡែត) និងប្រទេសនូវែលសេឡង់ (ទីក្រុងអូក្លង់)។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា គ្រោងនឹងបង្កើតការិយា​ល័យតំណាងនៅប្រទេសបារាំងនាពេលខាងមុខនេះ។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ក៏មានតួនាទីសំខាន់ក្នុងក្រុមការងារនៃវេទិការរាជរដ្ឋាភិបាល -ផ្នែកឯកជន ដែលជាយន្តការដ៏សំខាន់សម្រាប់ប្រមូល និងលើកយកបញ្ហាប្រឈមរបស់វិស័យឯកជន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងយល់ពីតម្រូវការ និងសក្តានុពលនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងបន្តជំរុញកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង៕


ចែករំលែក