រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ត្រៀម​ថវិកា​ជិត៣​ពាន់​លានដុល្លារ​ សម្រាប់​ជំរុញ​ការសាង​សង់​លំនៅដ្ឋាន ​និង​ការ​ទិញផ្ទះ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំថវិកាចំនួន ៥០ ទ្រីលានរូពី (២,៨ ពាន់លានដុល្លារ) សម្រាប់ជំរុញការសាងសង់លំនៅដ្ឋាន និងការទិញផ្ទះនៅឆ្នាំ២០២៦។នេះបើយោងតាមការចុះផ្សាយដោយកាសែត Jakarta Globe។

ឥណ្ឌូនេសុីកំពុងស្វែងរកដំណោះស្រាយបញ្ហាកង្វះលំនៅឋានទូទាំងប្រទេស និងពន្លឿនកម្មវិធីសាងសង់ផ្ទះចំនួន ៣ លានខ្នងរបស់លោកប្រធានាធិបតី Prabowo Subianto។

យោងតាមទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានឱ្យដឹងថា ប្រជាជនឥណ្ឌូនេស៊ីចំនួន៩,២៩លានគ្រួសារនៅតែមិនទាន់មានផ្ទះសម្បែង។

លោក Rosan Roeslani នាយកប្រតិបត្តិនៃមូលនិធិទ្រព្យសម្បត្តិរដ្ឋ Danantara Indonesia បានអះអាងថា តួលេខនេះគូសបញ្ជាក់ពីទំហំនៃតម្រូវការលំនៅឋានរបស់ប្រទេស និងភាពបន្ទាន់នៃការពង្រីកការទទួលបានផ្ទះសម្បែងឱ្យបានគ្រប់គ្រាន់។

លោក Rosan បានបន្តថា “តួលេខទាំងនេះបង្ហាញថា តម្រូវការលំនៅឋានពិតជាអាទិភាពចម្បង។ យើងនឹងធ្វើការជាមួយក្រសួងលំនៅឋានដើម្បីធានាថា កម្មវិធីលំនៅឋានត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស និងបំពេញតាមស្តង់ដាររស់នៅសមរម្យ”។

ក្រុមមន្ត្រី​បាន​សង្កត់ធ្ងន់ថា ការពង្រីក​ស្តុក​លំនៅឋាន​ត្រូវតែ​ដើរទន្ទឹមគ្នានឹង​គម្រោង​ផ្តល់ហិរញ្ញប្បទាន​ដែលសមស្រប​ទៅនឹង​អំណាចទិញ​របស់​គ្រួសារ។

ដូច្នេះ រដ្ឋាភិបាល​កំពុង​ស្វែងរក​ការចូលរួម​កាន់តែច្រើន​ពី​អ្នកអភិវឌ្ឍន៍​ដែលគ្រប់គ្រង​ដោយ​រដ្ឋ និង​ឯកជន ក៏ដូចជា​ធនាគារ​ផងដែរ។ កិច្ចសហការ​បែបនេះ​ត្រូវបានគេរំពឹងថានឹង​ពន្លឿន​ការសាងសង់​លំនៅឋាន និងពង្រីក​ជម្រើស​ហិរញ្ញប្បទាន​សម្រាប់​អ្នកទិញផ្ទះ៕


ចែករំលែក