ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំថវិកាចំនួន ៥០ ទ្រីលានរូពី (២,៨ ពាន់លានដុល្លារ) សម្រាប់ជំរុញការសាងសង់លំនៅដ្ឋាន និងការទិញផ្ទះនៅឆ្នាំ២០២៦។នេះបើយោងតាមការចុះផ្សាយដោយកាសែត Jakarta Globe។
ឥណ្ឌូនេសុីកំពុងស្វែងរកដំណោះស្រាយបញ្ហាកង្វះលំនៅឋានទូទាំងប្រទេស និងពន្លឿនកម្មវិធីសាងសង់ផ្ទះចំនួន ៣ លានខ្នងរបស់លោកប្រធានាធិបតី Prabowo Subianto។
យោងតាមទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានឱ្យដឹងថា ប្រជាជនឥណ្ឌូនេស៊ីចំនួន៩,២៩លានគ្រួសារនៅតែមិនទាន់មានផ្ទះសម្បែង។
លោក Rosan Roeslani នាយកប្រតិបត្តិនៃមូលនិធិទ្រព្យសម្បត្តិរដ្ឋ Danantara Indonesia បានអះអាងថា តួលេខនេះគូសបញ្ជាក់ពីទំហំនៃតម្រូវការលំនៅឋានរបស់ប្រទេស និងភាពបន្ទាន់នៃការពង្រីកការទទួលបានផ្ទះសម្បែងឱ្យបានគ្រប់គ្រាន់។
លោក Rosan បានបន្តថា “តួលេខទាំងនេះបង្ហាញថា តម្រូវការលំនៅឋានពិតជាអាទិភាពចម្បង។ យើងនឹងធ្វើការជាមួយក្រសួងលំនៅឋានដើម្បីធានាថា កម្មវិធីលំនៅឋានត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស និងបំពេញតាមស្តង់ដាររស់នៅសមរម្យ”។
ក្រុមមន្ត្រីបានសង្កត់ធ្ងន់ថា ការពង្រីកស្តុកលំនៅឋានត្រូវតែដើរទន្ទឹមគ្នានឹងគម្រោងផ្តល់ហិរញ្ញប្បទានដែលសមស្របទៅនឹងអំណាចទិញរបស់គ្រួសារ។
ដូច្នេះ រដ្ឋាភិបាលកំពុងស្វែងរកការចូលរួមកាន់តែច្រើនពីអ្នកអភិវឌ្ឍន៍ដែលគ្រប់គ្រងដោយរដ្ឋ និងឯកជន ក៏ដូចជាធនាគារផងដែរ។ កិច្ចសហការបែបនេះត្រូវបានគេរំពឹងថានឹងពន្លឿនការសាងសង់លំនៅឋាន និងពង្រីកជម្រើសហិរញ្ញប្បទានសម្រាប់អ្នកទិញផ្ទះ៕







