ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ីនៅតែមានភាពរឹងមាំ ទោះបីជាការកើនឡើងយ៉ាងគំហុកនៃការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ (data centre) កំពុងថយចុះក៏ដោយ។
ចំនួនប្រតិបត្តិការអចលនទ្រព្យឧស្សាហកម្មបានធ្លាក់ចុះ ២០,៨% ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន ដោយមានប្រតិបត្តិការសរុបចំនួន ១.៨៨៩ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ខណៈដែលតម្លៃប្រតិបត្តិការសរុបបានធ្លាក់ចុះ ២៨% មកនៅត្រឹម ៧,៣ ពាន់លានរីងហ្គីត។
ការធ្លាក់ចុះនេះគឺបណ្តាលមកពីតម្រូវការតិចជាងមុនពីសំណាក់សហគ្រាសធុនតូច និងមធ្យម (SMEs) និងការទិញដីសម្រាប់មជ្ឈមណ្ឌលទិន្នន័យមានចំនួនតិចជាងមុន បន្ទាប់ពីមានការរឹតបន្តឹងលើវិធាននៃការអនុម័តរបស់រដ្ឋាភិបាល។
ក្រុមអ្នកជំនាញផ្នែកទីផ្សារលើកឡើងថា នេះគឺជាការផ្លាស់ប្តូរទៅរកការវិនិយោគប្រកបដោយការជ្រើសរើសជាក់លាក់ (selective) ជាជាងការធ្លាក់ចុះនៃទីផ្សារទាំងមូល។
តម្រូវការនៅតែមានកម្រិតខ្ពស់សម្រាប់ដីឧស្សាហកម្មដែលមានទំហំធំ និងស័ក្តិសមសម្រាប់វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផលិតកម្មកម្រិតខ្ពស់ និងវិស័យដឹកជញ្ជូននិងភស្តុភារកម្ម។
នៅរដ្ឋ Johor ការលក់ដីឧស្សាហកម្មដែលទំនេរបានកើនឡើងពី ៧២ ទៅ ១២៨ ករណី បើធៀបនឹងឆ្នាំមុន។ នៅរដ្ឋ Penang ការលក់ដីឧស្សាហកម្មបានកើនឡើងពី ១៩ ទៅ ៣៦ ករណី ខណៈដែលទំហំទឹកប្រាក់សរុបពីការលក់បានកើនឡើង៣ដងដល់ ២០៤,៦ លានរីងហ្គីត។
ជារួម ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ីកំពុងផ្លាស់ប្តូរពីមជ្ឈមណ្ឌលទិន្នន័យ (data centres) ទៅរកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មដឹកជញ្ជូនដែលមានភាពចម្រុះជាងមុន ដែលធ្វើឱ្យតម្រូវការដីឧស្សាហកម្មនៅទីតាំងយុទ្ធសាស្ត្រនៅតែមានកម្រិតខ្ពស់៕







