ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយរបស់ក្រុមហ៊ុន CBRE បានរកឃើញថា បច្ចេកវិទ្យា AI មានឥទ្ធិពលក្នុងកម្រិតកំណត់តែប៉ុណ្ណោះក្នុងរយៈពេលខ្លី ទៅលើតម្រូវការការិយាល័យនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ក្រុមហ៊ុនចំនួន ១៩% រំពឹងថា AI នឹងកាត់បន្ថយតម្រូវការទំហំការិយាល័យរបស់ពួកគេ។ ក្រុមហ៊ុនចំនួន ៥៦% មានជំហរអព្យាក្រឹត ដោយលើកឡើងថា AI មានឥទ្ធិពលតិចតួចប៉ុណ្ណោះរហូតមកដល់ពេលនេះ ឬក៏នៅឆាប់ពេកក្នុងការវាយតម្លៃ។
ក្រុមហ៊ុនចំនួន២៥% រំពឹងថា AI នឹងបង្កើនតម្រូវការទំហំការិយាល័យរបស់ពួកគេ។ការស្ទង់មតិនេះបានគ្របដណ្តប់លើថ្នាក់ដឹកនាំផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុនចំនួន ៦៥១ នាក់ នៅតាមទីផ្សារចំនួន ៩ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមមាន សិង្ហបុរី ជប៉ុន ចិន អូស្ត្រាលី និងឥណ្ឌា។
ក្រុមហ៊ុន CBRE បានលើកឡើងថា បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត (AI) កំពុងជះឥទ្ធិពលខ្លាំងទៅលើរបៀបដំណើរការនៃទីផ្សារការិយាល័យ ជាជាងជះឥទ្ធិពលលើទំហំផ្ទៃដីការិយាល័យដែលក្រុមហ៊ុននានាត្រូវការ។
ទោះបីជា AI អាចនឹងកាត់បន្ថយការងារ និងតម្រូវការការិយាល័យមួយចំនួននៅពេលអនាគតក៏ដោយ ក៏ក្រុមហ៊ុនភាគច្រើននៅតែបន្តវាយតម្លៃពីផលប៉ះពាល់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជាច្រើនរំពឹងថា នឹងមានការរីកចម្រើន និងពង្រីកខ្លួនបន្ថែមទៀត៕







