ដោយ: សហសេវិក
អន្តរជាតិ: នៅឆ្នាំនេះ វិនិយោគិនមកពីតំបន់អាស៊ីអាគ្នេយ៍បានក្លាយជាអ្នកទិញអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់រដ្ឋបាលពិសេសហុងកុងដ៏ធំបំផុតក្នុងចំណោមអតិថិជនជាជនបរទេស ដោយដើមទុនមកពីប្រទេសសិង្ហបុរីបាននាំមុខគេ។
យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Savills គិតត្រឹមថ្ងៃទី១៥ កញ្ញា អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក (រួមទាំងអ្នកវិនិយោគមកពីចិនដីគោកផងដែរ) បានទិញលក់អចលនទ្រព្យពាណិជ្ជកម្មនៅហុងកុងដែលមានតម្លៃលើសពី ៥០ លានដុល្លារហុងកុង ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣០,៣៦ ពាន់លានដុល្លារហុងកុង។
ក្រុមហ៊ុន Savills បានឱ្យដឹងថា វិនិយោគិនមកពីអាស៊ីអាគ្នេយ៍បានរួមចំណែកទឹកប្រាក់ចំនួន ៣,៣៧ ពាន់លានដុល្លារហុងកុង ឬស្មើនឹងជាង ១១% នៃចំនួនសរុប។ អ្នកទិញមកពីចិនដីគោកបានរួមចំណែក ៥,៨% ខណៈដើមទុនដែលមានមូលដ្ឋាននៅហុងកុងមានចំនួន ៨៣,២%។
លោក Nicholas To នាយករងជាន់ខ្ពស់ផ្នែកវិនិយោគនៅក្រុមហ៊ុន Savills ប្រចាំទីក្រុងហុងកុង បានអះអាងថា៖ «ចំណែកនៃមូលធនពីតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងយ៉ាងគំហុកបើធៀបនឹងក្រុមវិនិយោគិនក្រៅតំបន់»។
បណ្តាវិនិយោគិនមកពីតំបន់អាស៊ីអាគ្នេយ៍ស្ថិតនៅលំដាប់ទី៣ កាលពីឆ្នាំមុន ដោយមានចំណែក ៣,៧% ខណៈបណ្តាវិនិយោគិនមកពីតំបន់អឺរ៉ុបបានទិញក្នុងកម្រិត ២% នៃចំនួនសរុប។
ទិន្នន័យរបស់ក្រុមហ៊ុន Savills បានបង្ហាញថា វិនិយោគិនមកពីបណ្តាប្រទេសលោកខាងលិចមិនបានចូលរួមក្នុងទីផ្សារនេះទេនៅឆ្នាំនេះ៕







