ដោយៈ ចំណាន
វៀងច័ន្ទៈ ក្រុមមន្រ្តីជំនាញកម្ពុជា ឡាវបានបើក កិច្ចប្រជុំរួមក្រុមអ្នកជំនាញ ស្តីពីការធ្វើផែនការអាងទន្លេមេគង្គ ទិន្នន័យ ម៉ូដែល និងការព្យាករណ៍សម្រាប់ការធ្វើផែនការតំបន់បែបសកម្ម។
ភាគីគម្ពុជាដឹកនាំដោយលោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចូលរួមកិច្ចប្រជុំរួមក្រុមអ្នកជំនាញ ស្តីពីការធ្វើផែនការអាងទន្លេមេគង្គ ទិន្នន័យ ម៉ូដែល និងការព្យាករណ៍សម្រាប់ការធ្វើផែនការ តំបន់បែបសកម្ម។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ក្នុងការពិនិត្យ និងពិភាក្សាលើរបាយការណ៍ព្រាង ដែលបានធ្វើបច្ចុប្បន្នភាពស្តីពី ការវាយតម្លៃសេណារីយ៉ូអភិវឌ្ឍន៍ជម្រើស និងផែនការអាងទន្លេដែលអាចសម្របខ្លួនបានដំបូង ព្រមទាំងប្រមូលមតិយោបល់ និងសំណើពីក្រុមអ្នកជំនាញ និងប្រទេសសមាជិក។ ជាពិសេសកិច្ចប្រជុំបានពិភាក្សា អំពីគម្រោងរួម និងសកម្មភាពគាំទ្រ ដែលត្រូវការកិច្ចសហប្រតិបត្តិការ កម្រិតតំបន់ ដើម្បីបំពេញតម្រូវការ ដែលមិនអាចដោះស្រាយ បានត្រឹមតែកម្រិតជាតិ។

សម្រាប់កម្ពុជា ការចូលរួមក្នុងកិច្ចប្រជុំនេះ មានសារៈសំខាន់ក្នុងការចែករំលែកបទពិសោធន៍ និងបង្ហាញពីតម្រូវការរបស់កម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការតភ្ជាប់ផ្លូវទឹក ការគ្រប់គ្រងធនធានទឹក ការចែករំលែកទិន្នន័យ ការព្យាករណ៍ស្ថានភាពទឹក និងការសហប្រតិបត្តិការក្នុងតំបន់។
កិច្ចប្រជុំនេះក៏ជាឱកាសដ៏មានសារៈសំខាន់ សម្រាប់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសសមាជិក និងដៃគូពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការគ្រប់គ្រង និងអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព ចីរភាព និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលនាពេលអនាគត៕







